(ខេត្តស្ទឹងត្រែង) ៖ ករណីភ្លើងប្រច័ណ្ឌ ធ្វើឲ្យស្ត្រីម្នាក់បាន ដាច់ចិត្តហ៊ាន លើក កាំបិត ចាក់សម្លាប់ប្ដី ខ្លួនឯង ស្លាប់ ភ្លាមៗ ករណីនេះបានកើតឡើងកាលពី រសៀល ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចវាល រំពេ ក្បែរផ្លូវជាតិលេខ ៧ ស្ថិត នៅ ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ជនសង្ស័យត្រូវជា ប្រពន្ធ បន្ទាប់ពីបាន ចាក់សម្លាប់ ប្ដីរួចមក មិនបានរត់ទៅណាទេ ភ្លាមៗនោះ ត្រូវបានគេរាយការណ៍ទៅ កម្លាំងនគរបាលស្រុកសេសានផងដែរ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពី ប្រជាពលរដ្ឋ ថាមានករណីឃាតកម្ម ប្រពន្ធចាក់សម្លាប់ប្ដី ក៏ចុះទៅដល់កន្លែងកើតហេតុ នឹងធ្វើការឃាត់ខ្លួន ជនសង្ស័យ បានភ្លាមៗផងដែរ។ជនសង្ស័យដែលចាក់សម្លាប់ប្ដីខ្លួនឯង មានឈ្មោះ ហួត សុខឡេង អាយុ ៣៦ ឆ្នាំ ភេទស្រី បច្ចុប្បន្នរស់នៅ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ហើយជនរងគ្រោះដែលត្រូវ ជាប្ដី ដែលប្រពន្ធបានចាក់សម្លាប់នោះ មានឈ្មោះ ម៉ុល ចាន់ អាយុ ៣៣ ឆ្នាំ ត្រូវជាប្ដី។បើ តាម ការរៀបរាប់របស់ស្ត្រី ជាជនសង្ស័យនេះ ដែល ឈានទៅដល់ ការចាក់សម្លាប់ប្តីខ្លួនឯង គឺបណ្ដាលមកពីភ្លើងប្រច័ណ្ឌ ដែលបុរសជាប្ដី(រងគ្រោះ)នោះមានស្រី ច្រើនរាប់មិនអស់ ហើយថែមទាំងយកស្រីមក នៅផ្ទះ ចំការ នៅកន្លែងកើតហេតុខាងលើទៀតផង ពេលនោះស្ត្រីជាជនសង្ស័យ ក៏ទៅទាន់ ប្ដីកំពុងតែនៅក្នុងបន្ទប់ជាមួយ នឹងស្រីផ្សេង ទើប ស្ត្រីជាជនសង្ស័យ ទប់កំហឹងមិនបានក៏ ប្រតាយប្រតប់ និង ទាញកាំបិត ចាក់ចំភ្លៅខាងស្ដាំ លើចង្គុង មួយកំបិត ចាក់ចំគល់ភ្លៅ ខាងស្ដាំ មួយកាំបិត នឹងមួយកាំបិតទៀតចំដៃ ខាងឆ្វេង បណ្ដាលឱ្យ រងរបួសយ៉ាងធ្ងន់ធ្ងរ ភ្លាមៗនោះត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ប៉ុន្តែ មុខរបួសធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះបានក៏បណ្ដាលឲ្យស្លាប់តែម្ដង។ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ស្នងការនគរបាលខេត្តស្ទឹងត្រែង ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្តដើម្បី ចាត់ការតាម ផ្លូវច្បាប់ ដោយឡែក សពជនរងគ្រោះត្រូវបាន សមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ដោយ (សុធី ហេងរីឈុន)