ថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពទឹកជំនន់ដែលបង្កផលប៉ះពាល់ដល់គម្រោងសាងសង់ផ្លូវជាតិលេខ៣ ផ្លូវលេខ ២០ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធផងដែរ។ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឲ្យក្រុមហ៊ុនដែលកំពុងសាងសង់ផ្លូវជាតិលេខ៣ ធ្វើការលុបជង្ហុកធំៗ បង្កឡើងដោយទឹកភ្លៀងហូរច្រោះ ឋិតនៅម្ដុំស្ពានទំនប់ទឹក៧មករា ដែលអាចបង្កឱ្យមានការកកស្ទះ ក៏ដូច ជាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវលេខ២០ ចាប់ពីផ្លូវជាតិលេខ៣ ក្បែរទំនប់ទឹក៧មករារហូតដល់រង្វង់មូលគួស្រូវផ្លូវជាតិលេខ២ ដែលកំពុងទទួលរង ផលប៉ះពាល់ធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀង និងបង្កការខូចខាតដល់ទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋ។ ទាក់ទងនឹងវិធានការដោះស្រាយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារបច្ចេកទេសធ្វើការវាយ តម្លៃតាមដានជាប្រចាំ និងរកមធ្យោបាយរំដោះទឹកឲ្យផុតពីផ្លូវជាតិលេខ៣ ដើម្បីកុំឲ្យទឹកហូរកាត់លើផ្លូវ បង្កផលប៉ះពាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងបានណែនាំឱ្យក្រុមការងារបច្ចេកទេស ក៏ដូចជាមន្ទីរ សាធារណការ និងដឹកជញ្ជូនទូទាំងប្រទេសពិនិត្យតាមដានដោយយកចិត្តទុកដាក់បំផុតអំពីស្ថានភាព ទឹកជំនន់ដែលបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។ ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនពិនិត្យមើល លទ្ធភាពស្តារប្រឡាយដោយប្រើគ្រឿងចក្រ ដើម្បីបញ្ចៀសទឹកជំនន់ សង្គ្រោះ ប្រជាពលរដ្ឋដែលកំពុង ទទួលរងនូវការលិចលង់ខ្លាំងនៅក្នុងសង្កាត់កងនយ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា៖ គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថានភាពជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុង ព្រះរាជាណាចក្រកម្ពុចំនួន១៣ខេត្ត រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ កែប កំពង់ស្ពឺ ប៉ៃលិន កណ្ដាល ព្រៃវែង ឧត្តរមានជ័យ និងខេត្តសៀមរាប និងបង្កផល ប៉ះពាល់ និងជន់លិចខ្សែផ្លូវសរុបចំនួន៨៧ខ្សែ ដោយមានចំនួន១៩៩កំណាត់ មានប្រវែងសរុបចំនួន ២៤៣គីឡូម៉ែត្រ។ ដោយឡែក ចំពោះការខូចខាតនិងថវិកាក្នុងការជួសជុលឡើងវិញ មិនទាន់ត្រូវ បានវាយតម្លៃនៅឡើយទេ ដោយរង់ចាំស្ថានភាពទឹកស្រកសិនទើបក្រុមការងារបច្ចេកទេសសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធអាចចុះ ពិនិត្យ និងវាយតម្លៃលើស្ថានភាពជាក់ស្ដែងបាន។ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ម្ចាស់យានយន្តដឹកជញ្ជូនធំៗ សូមផ្អាកការធ្វើដំណើរ ឬធ្វើការចៀសវាងផ្លូវសំខាន់ៗដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ ដើម្បី ចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាកុំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវ ដែលកំពុងទទួលរងផលប៉ះពាល់ស្រាប់ និងដើម្បីចូលរួមសន្សំសំចៃថវិកាជាតិដែលត្រូវចំណាយទៅលើការ ជួសជុល ស្ដារឡើងវិញនូវផ្លូវថ្នល់ដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀង៕