(កណ្តាលស្ទឹង)៖ នៅវេលាយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង នៅតាមសណ្តរស្ទឹង ព្រែកត្នោតស្ថិតនៅស្រុកកណ្ដាលស្ទឹង ដោយពិនិត្យឃើញថា៖ ស្ថានភាពទឹកជំនន់ ស្ទឹងព្រែកត្នោតនៅបន្តហក់ឡើងខ្ពស់ មិនមានការថយឡើយ។
តាមសេចក្តីរាយការណ៍ ជាក់ស្តែង លោក អ៊ូច សៅវឿន អភិបាលស្រុក កណ្តាលស្ទឹង អោយដឹងថា៖ រហូតមកទល់យប់នេះ ស្ថានភាពទឹកជំនន់
ទឹកភ្លៀង បានជន់លិច ភូមិគោលដៅចំនួន៥៧ នៅតាមបណ្តាឃុំ៤ គឺឃុំកណ្តោក ឃុំដើមឬស ឃុំជើងកើប និងឃុំអន្លង់រមៀត។
ប្រឈមបញ្ហាចំពោះមុខនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់តាមដាននូវស្ថានភាពទឹកជំនន់ និង ទទួលខុសត្រូវខ្ណស់ ត្រៀមកម្លាំងនិង មធ្យោបាយគ្រប់បែបយ៉ាង ចុះជួយអន្តរាគមន៍ ជាបន្ទាន់ ជម្លៀសបងប្អូនប្រជាពលរដ្ឋ រងគ្រោះការលិចលង់ ទៅរកទីទួលសុវត្ថិភាព ដោយត្រៀមបំរុងទាំងសម្ភារះស្បៀងអាហារ និងថ្នាំសង្កូវ គ្រប់គ្រាន់ ដោយមិនត្រូវបណ្ដែតបណ្ដោយ ឬទុកឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារការខ្វះការយកចិត្តទុកដាក់ ពីអាជ្ញាធរឡើយ។ដោយ៖កន្និកា