ស្រុកកណ្តាលស្ទឹង៖ នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋមន្រ្តីក្រសួងធនធានទឹក ឯកឧត្តមលឹម គានហោ បានចុះពិនិត្យតាមដាន និងវាយតម្លៃស្ថានភាពទឹក ដើម្បីសម្រួលលំហូរបរិមាណជំនន់ទឹកភ្លៀង នៅភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងត្រៀមលក្ខណ:កែលម្អបន្ថែមជាមុន នឹងចាប់ផ្តើមអនុវត្តគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត នៅរាជធានី-ខេត្តទាំង៣ខាងលើ នាពេលដ៏ខ្លីខាងមុខ។
ស្ថានភាពទឹកជាក់ស្តែងនៅពេលនេះ គឺកម្ពស់ទ្វារទឹកទំនប់អាង៧មករា មានកម្រិតកម្ពស់ទ្វារទឹកខាងមុខ ៦,៥៤ ម៉ែត្រហូរលើទ្វារទឹកកម្ពស់ ១,៧៤ ម៉ែត្រ ,កម្ពស់ទ្វារទឹកក្រោយ ៩,៤៥ម៉ែត្រ ។ កម្ពស់ទឹកនេះធៀបនឹងព្រឹកមិញ បានកើនកម្ពស់ទឹក ០,២០ម៉ែត្រ បន្ថែម ដោយសារមានការបើកទ្វារទឹកនៅសំណង់ទ្វារទឹកលាំងជ្រៃ នៃខេត្តកំពង់ស្ពឺ។គួរបញ្ជាក់ថា៖ នៅទីនោះ ឯកឧត្តមលឹមគៀនហោ បានណែនាំក្រុមការងារ ជំនាញ ត្រូវប្រចាំការ២៤ម៉ោងលើ២៤ម៉ោង តាមដានស្ថានភាពលំហូរទឹក តាមច្រកទ្វារទឹកអាង៧មករា ច្រកទ្វារទឹកទឹកថ្លា ទំនាបផ្លូវជាតិលេខ៣ និងតាមបណ្តោយសណ្តរទំនប់ស្ទឹងព្រែកត្នោត បិតភ្ជិតរូងនាគ និងលើកបាវខ្សាច់ លើកកម្ពស់ទំនប់នៅសណ្តរផ្នែកខាងជើង ក្នុងសង្កាត់ព្រៃសរ សាក់សំពៅ ប្រទះឡាង និងទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ត្រូវប្រមូលផ្តុំកម្លាំងក្រុមការងារអន្តរាគមន៍ក្រសួង បោះទីតាំងចំនួន ០៤ទីតាំង តាមសណ្តរទំនប់ ដើម្បីសម្រួលបរិមាណលំហូរជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ឲ្យមានតុល្យភាពបន្ថយល្បឿនទឹកហូរបុកខ្លាំង។ដោយ៖កន្និកា