ខេត្តកណ្តាល ៖ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យ លោកស្រី គង់ ច័ន្ទបុស្បា លេខាធិការគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំប្រតិភូសាខា ១ក្រុម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះ នៅភូមិចង់កោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល និងគ្រួសាររងគ្រោះដោយបាក់ច្រាំងព្រែក បង្កផលប៉ះពាល់ដល់ផ្ទះ ចំនួន២គ្រួសារ នៅភូមិព្រែកជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល។មានមតិសំណេះសំណាលទៅកាន់គ្រួសាររងគ្រោះ លោកស្រី គង់ ច័ន្ទបុស្បា ក្នុងនាម ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងនឹករលឹកបំផុត ។លោកស្រីបានបន្តទៀតថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែ នាំជាប្រចាំដល់ មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជា មួយ មេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃ ហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ ។ក្នុងឱកាសនោះដែរលោកស្រី សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះអគ្គីភ័យ ដែលបង្កឡើងដោយភ្លឺចង្ក្រាន ភ្លើងធូបទៀន ខ្សែភ្លើងចាស់ៗ និងត្រូវកាត់ចិត្ត មិនត្រូវអស់សង្ឃឹមឡើយ ព្រោះរឿងទាំងអស់នេះបានកន្លងផុតហើយ ហើយអ្វីដែលយើងត្រូវបន្ត ត្រូវខិតខំរកស៊ីចិញ្ចឹមជីវិត តាមសមត្ថភាពរៀងៗខ្លួន។ លោកស្រីបានក៏សំណូមពរ សូមឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមក្នុងការ បង្ការ និងការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។អំណោយដែលសាខា បានផ្តល់ជូនក្នុង១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ត្រីខ ១០កំប៉ុង ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ឃីប ១កញ្ចប់ ម៉ាស់ ១០បន្ទះ អាល់កុល១ដប និងថវិកាចំនួន ៣០ម៉ឺនរៀល។ ដោយឡែកគ្រួសារត្រូវអគ្គីភ័យឆេះផ្ទះ ទទួលបានបន្ថែមនូវតង់១ផ្ទាំង និងថវិកា ៥០ម៉ឺនរៀល។
ដោយ សុធី ហេងរីឈុន