នៅព្រឹកថ្ងៃចន្ទ ៩ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវបេតុងអាមេ ០១ខ្សែ ដែលមានប្រវែង ១.៨០០ម៉ែត្រ ទទឹង ០៨ម៉ែត្រ សម្រាប់តភ្ជាប់ពីកែងផ្លូវលេខ ១៣៣អា ឡើងទៅផ្លូវលេខ ១៣៣២ ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ នៅក្នុងពិធីសម្ពោធផ្លូវដ៏មានសារៈសំខាន់នេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីសមាជិក សមាជិកយុវជន យុវនារី រួមជាមួយនូវការចូលរួមអបអរសាទរពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋានជាច្រើនកុះករ ។នៅក្នុងឱកាសនៃការបើការដ្ឋានផ្លូវ០១ខ្សែនេះ ឯកឧត្តមមានប្រសាសន៍ផងដែរថា នៅក្នុងឆ្នាំ២០២០នេះ បើទោះបីជាប្រទេសកម្ពុជាត្រូវបានទទួលរងនូវការជៈឥទ្ធិពលនៃការឆ្លងនៃជំងឺកូវីដ-១៩ តាមរយៈការនាំចូលពីក្រៅប្រទេសក៏ដោយ ប៉ុន្តែប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ការអភិវឌ្ឍន៍ ស្ថាបនានៅមូលដ្ឋានមិនត្រូវបានរាំងស្ទះនោះឡើយ ជាក់ស្តែងដូចជាថ្ងៃនេះជាដើម ផ្លូវបេតុងអាមេ ០១ខ្សែ ត្រូវបានបើការដ្ឋានស្ថាបនា ជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីងាយស្រួលធ្វើដំណើរ ប្រកបមុខរបររកស៊ីទទួលទានប្រចាំថ្ងៃ ។ជាចុងក្រោយ ឯកឧត្តម ក៏បានណែនាំដល់គ្រប់ក្រុមហ៊ុនដែលទទួលបានសិទ្ធស្ថាបនាផ្លូវ០១ខ្សែនេះ ត្រូវខិតខំស្ថាបនាឲ្យទាន់តាមពេល វេលាដែលបានកំណត់នៅក្នុងកិច្ចសន្យា ត្រឹមត្រូវតាមស្តង់ដារ និងប្រកបដោយគុណភាពភាពខ្ពស់ ។ ដោយ សុធី ហេងរីឈុន