ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងសហការីទាំងអស់ បានចូលរួមឧបត្ថម្ភថវិកា ចំនួន៣៣លានរៀល (សាមសិបបីលានរៀល) តាមរយៈរដ្ឋបាលខេត្តកណ្តាល ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជម្ងឺ COVID-19 ជូនប្រជាពលរដ្ឋកម្ពុជា។ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល។មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងសហការីទាំងអស់ ដែលបានបរិច្ចាគនូវថវិកា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ឯកឧត្តមបានបន្តថា ការចូលរួមនេះ គឺមានតម្លៃណាស់ និងជាការស្រលាញ់ និងគិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ ហើយក៏ជាការចូលរួម និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីផងដែរ ដែលសម្តេចតែងតែគិតគូរជានិច្ច ពីសុខទុក្ខរបស់បងប្អូនទូទៅ ដោយមិនប្រកាន់នូវនិន្នាការនយោបាយអ្វីទាំងអស់។ ដោយ (សុធី ហេងរីឈុន)