ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ លើកទី១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក ដែលពិធីនេះប្រារឰធ្វើនៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍នេះធ្វើឡើង ដើម្បីរំលែកទុក្ខសោកដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាប។
បើតាមរបាយការណ៍របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា ក្នុងឆ្នាំ២០២០ ទូទាំងខេត្តកណ្ដាលគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន ១៦៨ លើក ថយចុះ ៣៦ លើស្មើនឹង ១៨ ភាគរយ បណ្ដាលឲ្យស្លាប់មនុស្ស ១២៥ នាក់ ស្រី ៣១ នាក់ របួសធ្ងន់ ១៤៩ នាក់ ស្រី ៥១ នាក់ របួសស្រាល ១៦២ នាក់ ស្រី ១០០នាក់ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៩៤ នាក់។ដោយ សេរី វុទ្ធី