ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោក លោកស្រី ប្រធានមន្ទីរ អភិបាលស្រុកខ្សាច់កណ្តាល ប្រធានក្រុមប្រឹក្សាស្រុក ក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងឃុំចំនួន ០៥ ស្រុកខ្សាច់កណ្តាល។
ក្នុងឱកាសនោះ ឯកឧត្ដម នុត ពុធដារ៉ា ក៏បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងបានគិតគូរពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នេះ។
ឯកឧត្ដម អភិបាលរងខេត្តកណ្តាល ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានទទួលលទ្ធផលសំណាកអវិជ្ជមានទាំងអស់ អោយយកចិត្តទុកដាក់អនុវត្តទៅតាមវិធានការណែនាំរបស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ “៣ការពារ និង៣កុំ” ព្រមទាំងវិធានការណ៍នានារបស់ក្រសួងសុខាភិបាល និងការណែនាំរបស់អជ្ញាធរគ្រប់លំដាក់ថ្នាក់ ដើម្បីបញ្ជៀសពីការរាតត្បាត នៃជម្ងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលរងខេត្ត បានផ្តល់អំណោយជូនគ្រួសារកំពុងធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងឃុំចំនួន ០៥ រួមមាន ឃុំពុកឫស្សី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ០១កេស ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ ត្រីខ ០១យួរ សៀងផ្អែម ០១យួរ ប្រេងខ្យង ជែលលាងសម្អាតដៃ និងថវិកា ១០០.០០០រៀលផងដែរ។ដោយ៖(តាខ្មៅ)