ខេត្តកណ្តាល៖ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងលោកជំទាវអភិបាលរងខេត្ត មន្ត្រីរាជការ និងកងកម្លាំងទាំងបី បានអញ្ជើញមកសាកសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅបុរី លំនៅដ្ឋានទីក្រុងរណប សិរីមង្គល ស្ថិតនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអត់ធ្មត់ ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក សូមរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពាររបស់សម្តេចតេជោ គឺ៣កុំ និង ៣ការពារ ជាពិសេសឯកឧត្តមក៏បានជូនពរដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ សូមជួបតែសេចក្តីសុខសប្បាយ សូមកុំឲ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះគ្រប់ៗគ្នា។ អភិបាលរងខេត្ត បន្ថែមថា ការធ្វើចត្តាឡីស័កនេះ គឺជាការបំពេញនូវកាតព្វកិច្ចមួយរបស់យើងបានត្រឹមត្រូវ ក្នុងករណីដែលយើងមានវិជ្ជមានជំងឺកូវីដ-១៩ យើងមិនបានទៅចម្លង ទៅក្រុមគ្រួសារ សាច់ញាតិ និងទៅអ្នកដទៃឡើយ ហើយការធ្វើចតាឡីស័កនេះ គឺយើងបានបញ្ចប់នូវការសង្ស័យរបស់យើង តើយើងបានឆ្លងជំងឺកូវីដ-១៩ពីអ្នកដទៃដែរឬទេ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្រ្ដីប្រចាំការ ត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កនេះ ឲ្យមានបរិស្ថានស្អាតល្អ ត្រូវផ្គត់ផ្គង់អាហារហូបចុក ហ្គាស និងទឹក ភ្លើងអគ្គិសនីប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ ត្រូវដោះស្រាយនូវរាល់សំណូមពរដែលពួកគាត់បានស្នើសុំឲ្យបានឆាប់រហ័ស ហើយនៅពេលដែលពួកគាត់មានបញ្ហាសុខភាពគួឲ្យសង្ស័យ ត្រូវបញ្ជូនគ្រូពេទ្យជំនាញមកធ្វើការពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលាផងដែរ។ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា នៅបុរី លំនៅដ្ឋានទីក្រុងរណប សិរីមង្គល ដែលមានជាប់ពាក់ព័ន្ធផ្ទះល្វែង ចំនួន ៥៣៧ល្វែង និងមានប្រជាពលរដ្ឋកំពុងរស់នៅចំនួន ២៤៨ល្វែង ដែលមានប្រជាពលរដ្ឋរស់នៅសរុប ៧៥០នាក់ ស្មើនិង២៥៣គ្រួសារ។ លោកអភិបាលក្រុង បានបន្ថែមទៀតថា ការដែលឈានដល់បិទជាបណ្ដោះអាសន្ននៅបុរីមួយនេះ បន្ទាប់ពីរកឃើញមានវិជ្ជមានអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន ៧នាក់កាលពីពេលកន្លងទៅនេះ។ សូមកញ្ចាក់ថា អំណោយដែលបានចែលជូនដល់ ប្រជាពលរដ្ឋទាំង២៥៣ គ្រួសារនោះ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ សាច់ក្រក ១គីឡូ ត្រីងៀត១គីឡូ ល្ពៅ ១ផ្លែ ស្ពៃក្តោប ១ផ្លែ ខ្ទឹមបារាំង ១គីឡូ ក្រូចឆ្មា១គីឡូ ត្រឡាច ១គីឡូ ម៉ាស់១០ បន្ទះ ៕ដោយៈ(តាខ្មៅ)