ខេត្តកណ្ដាល៖ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់បែបនេះ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសឯកឧត្តមចុះពិនិត្យ ការអនុវត្តរបស់កងកម្លាំងមានសមត្ថកិច្ចនៅក្នុងក្រុងតាខ្មៅ និងអាជ្ញាធរក្រុង ក្នុងការអនុវត្តនូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបន្ថែមថា កងកម្លាំងស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងកណ្ដាល ត្រូវធ្វើការល្បាតជាប្រចាំ នៅក្នុងតំបន់ភូមិសាស្រ្តក្រុងតាខ្មៅ ដោយមិនត្រូវឱ្យប្រជាពលរដ្ឋ ដែលមិនមានការចាំបាច់ ធ្វើដំណើររាយប៉ាយពេញភូមិសាស្រ្តក្រុងតាខ្មៅឡើយ ត្រូវផ្សព្វផ្សាយ អប់រំ និងណែនាំពួកគាត់ ឱ្យនៅក្នុងផ្ទះរៀងខ្លួន ហើយក្នុងករណីប្រជាពលរដ្ឋដែលមិនគោរពតាមការណែនាំ អាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្តតាមច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយមិនមានការលើកលែងឡើយ។ទន្ទឹមនឹងនោះ អាជ្ញាធរសង្កាត់ និងមេភូមិគ្រប់ភូមិ ត្រូវដាក់ប៉ុស្តិ៍ប្រចាំការនៅក្នុងភូមិជាប្រចាំ ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ ដែលមិនមានការចាំបាច់ចេញពីផ្ទះឡើយ ក្នុងករណីមានប្រជាពលរដ្ឋចេញមកក្រៅ អាជ្ញាធរសង្កាត់ និងមេភូមិគ្រប់ភូមិ ដែលនៅប៉ុស្តិ៍ប្រចាំការ ត្រូវធ្វើការសួរនាំពួកគាត់ ជៀសវាងការចេញមកដោយសេរី និងមិនមានការសួរនាំពីអាជ្ញាធរឡើយ។ជាងនេះទៅទៀត សង្កាត់មួយចំនួនដែលមានប្រជាពលរដ្ឋ មានផ្ទុកមេរោគកូវីដ-១៩ ដែលប្រឈមទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវដាក់នៅក្នុងតំបន់ក្រហម ដោយមិនឱ្យពួកគាត់ចេញក្រៅភូមិឬផ្ទះឡើយ ហើយអាជ្ញាធរភូមិ សង្កាត់ ត្រូវត្រៀមស្បៀងសម្រាប់ចែកជូនពួកគាត់ដល់ខ្នងផ្ទះ ដោយមិនអនុញ្ញាតជាដាច់ខាតឱ្យពួកគាត់ចេញពីលំនៅឋានឡើយ។សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ទូទាំងខេត្តកណ្ដាលមានអ្នកវិជ្ជមានជំងឺកូវីដ-19 ចំនួន៥៦៥នាក់ ក្នុងនោះក្រុងតាខ្មៅ ចំនួន១២៦នាក់ និងបានព្យាបាលជាសះស្បាយបានចំនួន៣៣៨នាក់ អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលមានចំនួន ២១.០៩៩នាក់ បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ បានចំនួន១៨.៣២១នាក់ អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កមានចំនួន១៦៧៩នាក់ និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះមានចំនួន៦.៥៦៦នាក់ អ្នកដែលបានបញ្ចប់ការធ្វើចតាឡីស័កបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល ទាំងនៅក្នុងមណ្ឌលចត្តាឡីស័ក និងនៅផ្ទះ មានចំនួន១២.៣៧៣នាក់។ ដោយ (សុធី ហេងរីឈុន)