កណ្តាល៖ព្រឹកថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងសំណេះសំណាលសួរសុខ ទុក្ខ ព្រមទាំងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ជូនបងប្អូនជាកម្លាំងចម្រុះកំពុងឈរជើងប្រចាំការនៅតាមមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅតាមគោលដៅដែលបានគ្រោងទុក។នាព្រឹកថ្ងៃនេះដែរ មណ្ឌលចំនួន ០៧មណ្ឌលក្នុងចំណោមមណ្ឌលទាំង ១៥៨មណ្ឌល នៅទូទាំងក្រុងតាខ្មៅ បានត្រួតពិនិត្យ ក្នុងនោះមានមណ្ឌលភូមិថ្មី ភូមិថ្មី១ ភូមិថ្មី២ ភូមិតាខ្មៅ១ ភូមិតាខ្មៅ២ និងភូមិតាខ្មៅ៣។មណ្ឌលសកម្មភាពទប់ស្កាត់ប្រឆាំងជំងឺកូវីដ-១៩ បានរៀបចំចាត់ចែងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប នៅក្នុងមណ្ឌលនីមួយៗ មានសមាជិកក្រុមការងារចម្រុះដោយមានសមាជិកចាប់ពី៦-១០នាក់ ដោយផ្អែកទៅតាមស្ថានភាពភូមិតូច ឬធំ ក្រុមការងារមានតួនាទីក្នុងការធ្វើរដ្ឋបាលភូមិ ដោយត្រូវពិនិត្យ គ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ សំដៅជម្រុញពួកគាត់អនុវត្តឱ្យបាននូវសេចក្តីសម្រេច ពីការបិទខ្ទប់នេះ និងធ្វើការក្តាប់សតិអារម្មរបស់ប្រជាពលរដ្ឋ អំពីការលំបាកនានា ការដង្ហើយសុំជំនួយស្បៀងអាហារ ជាដើមក្រោយទទួលរងផលប៉ះពាល់ នៃព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។ព្រមទាំងបន្តធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមសហការគោរពអនុវត្តតាម ការណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ជាពិសេស ផ្សព្វផ្សាយបន្តអំពីគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ។៣.ការពារ (១.ពាក់ម៉ាសឱ្យបានត្រឹមត្រូវ ២.ឧស្សាហ៍លាងដៃ និងសាប៊ូ ជែល ឬអាល់កុល ៣.រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។-៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ២.កុំទៅកន្លែងមានមនុស្សកុះករអ៊ូរអរច្រើន ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម)។អំណោយ ដែលបានប្រគល់ជូននៅតាមមណ្ឌលនីមួយៗគឺក្នុងមួយមណ្ឌលទទួលបាន អង្ករ ៥០គ.ក មី ២កេស ម៉ាស២ប្រអប់ អាល់កុល ឬជែល ៥ដប និងថវិកា ១០ម៉ឺនរៀល។ ដោយ (សុធី ហេងរីឈុន)