ខេត្តកណ្ដាល៖រសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៧២ គ្រួសារ ក្នុងតំបន់អគារវប្បធម៌ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលរដ្ឋបាលខេត្តកណ្ដាល តម្រូវឱ្យធ្វើចិត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា តំបន់អគារវប្បធម៌ ក្នុងមួយរយៈចុងក្រោយនេះ មានការឆ្លងមេរោគកូវីដ-១៩ ចំនួន ២៣ នាក់ ដែលតួលេខនេះគឺជាតួលេខមួយដ៏គួរឱ្យព្រួយបារម្ភ តម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បានសម្រេចបិទខ្ទប់តំបន់អគារវប្បធម៌នេះ និងឱ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់នេះធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំង ១៧២គ្រួសារ សូមមានការអត់ធ្មត់ និងចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងមេរោគកូវីដ-១៩ ក្នុងតំបន់អគារវប្បធម៌នេះ ក្នុងគោលបំណងឱ្យតំបន់នេះ វិលទៅរកភាពប្រក្រតីធម្មតាឡើងវិញ។ ទន្ទឹមនឹងនេះ ដើម្បីប្រាកដថា ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់នេះ ពុំមានផ្ទុកមេរោគកូវីដ-១៩ ក្រុមគ្រូពេទ្យជំនាញ បានយកសំណាកពួកគាត់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយប្រើប្រាស់នូវឧបករណ៍ Rapid Test ផងដែរ។អំណោយដែលបានប្រគល់ជូនប្រជាពលរដ្ឋទាំង ១៧២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ១០គីឡូក្រ មី១កេស ត្រីខ១យួរ ទឹកត្រី២ដប ទឹកស៊ីអ៊ីវ ២ដប ម៉ាស១ប្រអប់ និងថវិកា៥ម៉ឺនរៀល។ ដោយ (សេរីវុទ្ធី)