(ភ្នំពេញ)៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯកពិសេស Li Jingfeng អនុព័ន្ធយោធានៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនបញ្ចប់បេសកកម្មការទូតយោធា នៅកម្ពុជា។ក្នុងជំនួបនេះ អនុព័ន្ធយោធាចិនបានជម្រាបជូន ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក អំពីលទ្ធផលការងារជាច្រើន ដែលលោកខិតខំសម្រេចបានក្នុងរយៈពេលជិត ០២ ឆ្នាំ កន្លងមកនេះ ជាពិសេសលើកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានកើតឡើងចំពេលដើមអាណត្តិការងាររបស់លោកតែម្តង។ លោកក៏បានបន្ថែមដោយការអរគុណ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលតែងបាន យកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន និយាយជារួម និងនិយាយដោយឡែកកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ក៏ដូចជាកងទ័ពជើងគោកទាំងពីរ។ ដោយ សេរីវិទ្ធី