កណ្តាល៖ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍៕ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍បានបញ្ជាក់ថា៖ផែនការមេនេះជាឯកសារយុទ្ធសាស្ត្រដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយនៃការអភិវឌ្ឍន៏វិស័យទេសចរណ៏ខេត្តសៀមរាប និងតំបន់ជុំវិញ ក៏ដូចជាបំរើក្នុងការអភិវឌ្ឍន៏ខេត្តសៀមរាបទាំងមូលផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមទៀតថា៖ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាទទួលបានផ្លែផ្កាពីសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដោយសំរេចលើការអភិវឌ្ឍន៏គ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៏ ដែលចាត់ទុកថាជាមាសបៃតង ជាការពិតវិស័យទេសចរណ៏បានដើរតួនាទីជាជន្ទល់គន្លឹះមួយក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ។