ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខេត្តកណ្តាលបានរៀបចំពិធីប្រកាសចូលកាន់មុខ ប្រធានពន្ធនាគារខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាវ ហមផាម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មន្ត្រីពន្ធនាគារ អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត។មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរចំពោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចាត នាង អតីតប្រធានពន្ធនាគារខេត្តកណ្តាល ដែលនៅក្នុងអាណត្តិការងាររបស់លោកកន្លងមក បានខិតខំបំពេញតួនាទី ភារកិច្ច បម្រើការងារពន្ធនាគារ ទទួលបានលទ្ធផលល្អប្រសើរ ពិសេសអំឡុង ពេលដែលពន្ធនាគារផ្ទុះជំងឺកូវីដ-១៩ លោកប្រធានពន្ធនាគារបានខិតខំពុះពារគ្រប់គ្រង និងសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អាជ្ញាធរ និងក្រុមការងារ ព្យាបាល រហូតដល់ធ្វើឱ្យស្ថានការណ៍ មានភាពធូរស្រាល និងល្អប្រសើរឡើងវិញ។មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម ប៉ាវ ហមផាម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឱ្យប្រធានពន្ធនាគារខេត្តកណ្តាលថ្មី ត្រូវអនុវត្ត តួនាទី ភារកិច្ច នៅពន្ធនាគារមានឱ្យប្រសិទ្ធភាព និងទទួលបានជោគជ័យ ដោយត្រូវខិតខំបំពេញការងារ ឱ្យអស់ពីសមត្ថភាព លទ្ធភាព ទេពកោសល្យ និងគំនិតច្នៃប្រឌិតខ្ពស់ រស់រវើក ក្នុងស្មារតីយកចិត្តទុកដាក់ដឹកនាំ មានការទទួលខុសត្រូវខ្ពស់ ដែលខ្លួនទទួលខុសត្រូវ ព្រមទាំងខិតខំ ព្យាយាមដោះស្រាយរាល់បញ្ហាប្រឈមនានាឱ្យអស់ពីលទ្ធភាព និងស្នើសុំយោបល់ ឬគោលការណ៍ដោះ ស្រាយពីថ្នាក់ដឹកនាំ។សូមបញ្ជាក់ថា៖ លោក ឯម និមល ដែលត្រូវបានក្រសួងមហាផ្ទៃ ចេញ ប្រកាសតែងតាំងជាប្រធានពន្ធនាគារខេត្តកណ្តាល ដើម្បីបំពេញនូវរចនាសម្ព័ន្ធគ្រប់គ្រង និងការទទួល ខុសត្រូវលើការងារពន្ធនាគារ បន្តពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចាត ស៊ីនាង ដែលបានទទួលភារកិច្ចថ្មី នៅអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ។ ដោយ (សុធី ហេងរីឈុន)