ឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជន លោកគ្រូ អ្នកគ្រូ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រារព្ធមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២១) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនិងខួប១៧ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ដែលពិធីដ៏មហានក្ខឬក្សឧត្តុងឧត្តមនេះប្រារព្ធធ្វើឡើងនៅបរិវេណស្ដូបវិមានឯករាជ្យ ក្នុងទីប្រជុំជនក្រុងព្រះវិហារ ខេត្តព្រះវិហារ។ក្នុងឱកាសនេះដែរឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី អញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសារអតីតយុទ្ធជនពលី គ្រួសារក្រីក្រ សរុប ៤១គ្រួសារ ដោយមួយគ្រួសារៗរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអីវ ១យួរ, សារុង១ ក្រមា១, ភួយ១, មុង១, ម៉ាស់ ១០បន្ទះ និងថវិកាមួយចំនួន ។