នាថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ បានបំបែកសំណុំរឿង ករណីបុរសម្នាក់ ដែលជាមន្ត្រីរដ្ឋបាលព្រៃឈើប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានឃាតកប្លន់សម្លាប់ ដោយកាប់៧កាំបិត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម រួចយកសម្ភារមួយចំនួនធំ គេចខ្លួនបាត់ស្រមោល។
ជនសង្ស័យឈ្មោះ រឿន រ៉ូ ភេទប្រុស អាយុ១៥ឆ្នាំ ជាឈ្មួលរស់នៅធ្វើការជាមួយជនរងគ្រោះ មានទីលំនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចំក ថ្គាម ស្មាខាងឆ្វេង ចំនួន៧កាំបិត បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង (ក្នុងបន្ទប់លើគ្រែ) នៅស្នាក់ការរដ្ឋបាលព្រៃឈើប្រម៉ោយ ត្រង់ចំណុចទួលគ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានប្រមែលប្រមូលសម្ភារៈ ដែលក្នុងនោះរួមមាន៖ ម៉ូតូ០១គ្រឿង ទូរស័ព្ទដៃអាយហ្វូន ០៣គ្រឿង និងចិញ្ចៀនពេជ្រ០១វង់ រត់គេចខ្លួនបាត់ស្រមោល។ក្រោមកិច្ចខិតខំប្រឹងប្រែង របស់សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបំបែកសំណុំរឿង និងធ្វើការឃាត់ខ្លួនជនសង្ស័យបាន នាវេលាម៉ោង០៩ៈ៤០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅវត្តកែវឧត្តម ហៅវត្តកណ្តាល ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕