នៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រតិភូនៃរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញានក្ខន្ធសព មហាឧបាសិកា ស ស៊ន់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៤ ឆ្នាំ ដោយរោគាពាធ ស្ថិតនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ក៏បានចួលរួមរំលែកទុក្ខជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីរន្ធត់ ក្តុកក្តួល ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ មហាឧបាសិកា ស ស៊ន់ ដែលជាការបាត់បង់នូវបងស្រី ម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហាធម៌ ដែលមួយជីវិតរបស់ឧបាសិកា បានខិតខំកសាងអំពើល្អ និងជាពុទ្ធសាសនូបត្ថម្ភដ៏ថ្លៃថ្លាមួយរូបគួឱ្យគោរព ។នៅក្នុងឱកាសនោះផងដែរ ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន ព្រមទាំងសហការី ក៏បានបួងសួង ឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា ស ស៊ន់ ឆាប់បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។គួរបញ្ជាក់ថា មហាឧបាសិកាស ស៊ន់ ត្រូវជាបងបង្កើត របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕