ពិធីឈាបនកិច្ចនេះបានប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពីសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងស្ថាប័នជាតិ និងញាតិមិត្តជិតឆ្ងាយជាច្រើន។ នាឱកាសប្រកបដោយសេចក្ដីក្ដុកក្ដួលនោះ សម្ដេចចៅហ្វាវាំង បានអញ្ជើញជូនភ្លើងបូជាសព មហាឧបាសិកា ស ស៊ន់ ។សូមបញ្ជាក់ថាមហាឧបាសិកា ស ស៊ន់ ត្រូវជាបងស្រីបង្កើត សម្តេចក្រឡាហោម ស ខេង ដោយបានទទួលមរណភាពកាលពីវេលាម៉ោង២១និង៤៥នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។ សពមហាឧបាសិកាត្រូវបានតម្កល់ធ្វើបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅគេហដ្ឋានក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ មុនពេលដង្ហែរមកបូជា។ថ្វីដ្បិតបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយក្ដី ប៉ុន្តែសេចក្ដីល្អរបស់មហាឧបាសិកានឹងស្ថិតនៅអមតៈជាមួយបងប្អូនកូនចៅ និងសង្គមជាតិ។ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន នូវ គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍,គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ និងគ្រឿងឥស្សរិយយស សម្ដេចព្រះមហាក្សត្រីយានីព្រះស៊ីសុវត្ថិមុនីវង្សកុសមៈនារីរត្ន ថ្នាក់មហាសេនា ជាកិច្ចបច្ចាមរណៈចំពោះមហាឧបាសិកា ស ស៊ន់ ដែលបានទទួលមរណភាព ។
កុសលដែលមហាឧបាសិកាបានសន្សំ និងផលបុណ្យដែលក្រុមគ្រួសារបានបំពេញនឹងជួយដួងវិញ្ញាណក្ខន្ធឧបាសិកាបានទៅកាន់ទីឋានសុខស្ងប់កុំបីឃ្លៀងឃ្លាតឡើយ៕