ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មាន ប្រសាសន៍ថា ជាការពិតណាស់ ពីមុនមកខេត្តកំពង់ចាមយើង ពុំទាន់មានវិមានឯករាជ្យ សម្រាប់ការប្រារព្ធខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិ នៅឡើយទេ ។ ដូច្នេះ កសាងនូវការកសាងនូវវិមានឯករាជ្យនេះ ពិតជាមានសារៈសំខាន់ គឺដើម្បី រំលេចនូវស្នាព្រះហស្ថ ជាប្រវត្តិសាស្ត្រ នៃការអបអរសាទរ នូវបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជបូនីយដ្ឋានប្រវត្តិសាស្ត្រ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ព្រះបរមរតនកោដិ ព្រះបាទ នរោត្ដម សីហនុ ដែលបានទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាថ្ងៃ០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ។ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសដែល ឯកឧត្ដម រួមជាមួយ លោកជំទាវ ជាភរិយា និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់វិមានឯករាជ្យ ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាព ស្ថាប័នក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង តំណាងប្រជាពលរដ្ឋ ផងដែរ។ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍បញ្ជាក់ទៀតថា ក្រៅពីនោះ ការកសាងសង់សំណង់ប្រវត្តិសាស្ត្រនេះ ក៏ជាផ្នែកមួយ បានបន្សល់ទុកនូវស្នាដៃប្រវត្តិសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជា កូនចៅជំនាន់ក្រោយៗបន្តទៀត ផងដែរ។ ទន្ទឹមជាមួយនោះ សំណង់វិមានឯករាជ្យនេះ ក៏បានចូលរួមចំណែក ក្នុងការលើកកម្ពស់សោភ័ណ្ឌភាព ក្រុងកំពង់ចាម និងការទាក់ទាញទៅដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ពេលមកលេងកំសាន្ត ក្នុងទឹកដីខេត្តកំពង់ចាម ក៏ដូចជា ការចូលរួមប្រលងប្រណាំងចលនាទីក្រុងស្អាត នាឆ្នាំបន្តបន្ទាប់ ខាងមុខផងដែរ ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ផ្អែកតាមផែនការសាងសង់ គម្រោង នេះ គឺចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០៦ នេះតទៅ និងគ្រោងបញ្ចប់ ក្នុងរយៈពេល ១ឆ្នាំ ហើយនៅថ្ងៃទី០៩ វិច្ឆិកា នៃការប្រារព្ធខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិ សម្រាប់ឆ្នាំ២០២២ យើងនឹងយកថ្ងៃនោះ ដើម្បីសម្ពោធដាក់នូវសមិទ្ធផលនេះ ផងដែរ។គួរកត់សម្គាល់ថា ទីតាំងដែលអាជ្ញាធរ សម្រេចសាងសង់វិមានឯករាជ្យ នាពេលនេះ គឺស្ថិតនៅចំណុចផ្លូវកៅស៊ូ ខាងមុខច្រកចូល ទៅកាន់សាលាគរុកោសល្យ ខេត្តកំពង់ចាម។ ជាមួយនោះ អាជ្ញាធរ ក៏បានសាងសង់ពង្រីកផ្លូវឲ្យធំទូលាយ នៅចំណុចរង្វង់មូល ជុំវិញវិមានឯករាជ្យនេះ រួមទាំង ការពង្រីកផ្លូវបន្ថែម ចាប់ពីចំណុចរង្វង់មូលនាគព័ន្ធ រហូតមកដល់ចំណុចទន្លេអុំ ។ ដោយឡែក ដើម្បីសម្រួលដល់កិច្ចដំណើរការនៃការដ្ឋាន អាជ្ញាធរ ក៏បានផ្អាកការចរាចរណ៍ជាបណ្ដោះអាសន្ន ត្រង់ចំណុចកំណាត់ផ្លូវលេខ ៧ចាស់ មួយរយៈសិន ដោយបង្វែទិសចរាចរណ៍ តាមផ្លូវលេខ ៧ ថ្មី ឬវាងតាមទន្លេអ៊ុវិញផងដែរ៕