គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្តម ហួត ឃាង​វេង រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​បើក​វគ្គ​បណ្តុះបណ្តាល​ចាងហ្វាង​ការផ្សាយ​ជាង​៣០​នាក់ របស់​សមាគម​សារព័ត៌មាន​អេឡិចត្រូនិក អឹម អេស ជេ

ឯកឧត្តម ហួត ឃាង​វេង រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​បើក​វគ្គ​បណ្តុះបណ្តាល​ចាងហ្វាង​ការផ្សាយ​ជាង​៣០​នាក់ របស់​សមាគម​សារព័ត៌មាន​អេឡិចត្រូនិក អឹម អេស ជេ

ភ្នំពេញ​៖  ឯកឧត្តម ហួត ឃាង​វេង រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទិ​២៥ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ បើក​វគ្គ​បណ្តុះបណ្តាល​ចាងហ្វាង​ការផ្សាយ​ជាង​៣០​នាក់ នៅ​ស្នាក់ការ​កណ្តាល​របស់​ស​មាគ​ម​សារព័ត៌មាន​អេឡិចត្រូនិក អឹម អេស ជេ នៅក្នុង​រាជធានី​ភ្នំពេញ​។​

​កម្មវិធី​បណ្តុះបណ្តាលរ​បស់​សមាគម គឺ​មាន​រយៈ​ពេញ​មួយថ្ងៃ ដោយ​ផ្តោត​សំខាន់​លើ​របៀប​ប្រមូល​ព័ត៌មាន សរសេរ​អត្ថបទ​ដំណឹង ក្រមសីលធម៌ ច្បាប់ ការរៀបចំ និង​ការគ្រប់គ្រង​ស្ថាប័ន សម្រាប់​ចាងហ្វាង នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន ក្នុង​ការចូលរួម​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​នេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ចែករំលែក​បទពិសោធ​ការងារ និង​ផ្តល់​អនុសាសន៍​ណែនាំ​សំខាន់ៗ​ដល់​សិក្ខាកាម អំពី​របៀប​សរសេរ​អត្ថបទ​ដំណឹង​ក្នុង​បរិបទ​នៃ​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​បញ្ជូន​ព័ត៌មាន ជាពិសេស គឺ​បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​សប៊ុក ដែល​កំពុង​តែ​ពេញ​និយម​នៅលើ​ឆាក​អន្តរជាតិ និង​នៅ​កម្ពុជា​។ ម្យ៉ាងវិញទៀត ឯកឧត្តម ក៏​បាន​ណែនាំ​ឲ្យ​សិក្ខាកាម​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​ប្រឈម​ផ្នែក​ផ្លូវច្បាប់​ពាក់ព័ន្ធ​នឹង​ការផ្សាយ​អត្ថបទ​ដំណឹង​របស់​អ្នកសារព័ត៌មាន នៅលើ​ហ្វេ​សប៊ុក​ផងដែរ ព្រោះ​ព្រះរាជាណាចក្រ​កម្ពុជា​ពុំ​ទាន់​មានច្បាប់ ស្តី​ពី​ការផ្សាយ​លើ​ហ្វេ​សប៊ុក ហើយ​ក្រសួង​ព័ត៌មាន​ក៏បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​អ្នក​ប្រើ​ហ្វេ​សប៊ុក​ឡើយ ទោះបីជា​អ្នកសារព័ត៌មាន​ក៏ដោយ​។​

​ឯកឧត្តម ហួត ឃាង​វេង បាន​មានប្រសាសន៍​ដូច្នេះ​ថា «​ហ្វេ​សប៊ុក​គ្រាន់តែ​ជា​ទម្រង់​ផ្សព្វផ្សាយ​ទេ​។ ក្រសួង​ព័ត៌មាន​មិន​ឲ្យ​អាជ្ញា​ប័ណ្ណទេ ដូច្នេះ​ការផ្សាយ​លើ​ហ្វេ​សប៊ុក គឺ​ខុស​ហើយ​… ការផ្សាយ​បែបនេះ​អាច​ជា​ការ​បរិហារកេរ្ត៍ជា​សាធារ​ណៈ​តាម​ហ្វេស​ប៊ុក ហើយ​មិន​អាច​កែតម្រូវ​វិញ​បាន​ទេ តែបើ​ផ្សាយ​តាម​គេហទំព័រ អាច​កែតម្រូវ​វិញ​បាន​»​។​

​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ  ឯកឧត្តម​បាន​ណែនាំ​ឲ្យ​សិក្ខាកាម​ប្រឹងប្រែង​រៀប​សូត្រ ដើម្បី​បង្កើត​ចំណេះដឹង ជា​ពិសេស​ត្រូវ​ស្វែងយល់​អំពី​ក្រមសីលធម៌ ច្បាប់​ពាក់ព័ន្ធ​នានា​ផង​ដែរ​។​

​ចំណែក​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម​សារព័ត៌មាន​អេឡិចត្រូនិក អឹម អេស ជេ បាន​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​ដល់​ចាងហ្វាង​សារព័ត៌មាន​នេះ​ដោយ​ផ្តោត​សំខាន់​លើ​ជំនាញ​ប្រមូល​ព័ត៌មាន សរសេរ​អត្ថបទ​ដំណឹង ក្រមសីលធម៌ ច្បាប់ ការរៀបចំ និង​ការគ្រប់គ្រង​ស្ថាប័ន​។​

​សូម​រំឭកថា ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​រាប់ពាន់ នា​ល្ងាច​ថ្ងៃទី​១៤ ខែ​មករា នៅ​សន្និបាត​កោះ​ពេជ្រ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​នេះ​វិស័យ​សារព័ត៌មាន​កំពុងមាន​កា​រីកចម្រើន​យ៉ាង​ខ្លាំង​។ ដូច្នេះ ដើម្បី​ផលិត​ព័ត៌មាន​ឲ្យបាន​ល្អ អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​យល់​ដឹង​ឲ្យបាន​ច្បាស់​នូវ​រឿងរ៉ាវ​ពិត ដែល​បាន​កើតមានឡើង​ក្នុងសង្គម ជា​ពិសេស​ត្រូវ​សរសេរ​ព័ត៌មាន​ទាំង​ល្អ និង​មិន​ល្អ ដើម្បី​ចូលរួម​ធ្វើ​ការកែលម្អ​ក្នុងន័យ​ស្ថាបនា​អភិវឌ្ឍន៍​សង្គម​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដល់​សមាគម​សារព័ត៌មាន​ទាំងអស់ ដែល​កន្លងមក​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​ព័ត៌មាន និង​សូម​អរគុណ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់ ដែល​បាន​ចូលរួម​សហការ​ជាមួយ​អ្នកសារព័ត៌មាន ក្នុង​ការផ្តល់​ព័ត៌មាន​ពី​ស្ថាប័ន​របស់​ខ្លួន​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នោះដែរ សម្តេច​តេជោ ក៏បាន​ផ្តល់​មតិ​ណែនាំ​ដល់​អ្នកសារព័ត៌មាន តាម​អន​ឡាញ​មួយចំនួន សូម​ចូលរួម​គោរព​ទៅតាម​វិជ្ជាជីវៈ​ព័ត៌មាន​ឲ្យបាន​ត្រឹមត្រូវ ត្រូវគោរព​សិទ្ធិ​អ្នកដទៃ មិនមែន​ចេះតែ​ផ្សាយ​តាម​ចិត្ត​នោះទេ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ដាក់​សារ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នកសារព័ត៌មាន​ថា «​អ្នកសារព័ត៌មាន​កុំ​បំពាន​សិទ្ធិ​អ្នក​ដ៏​ទៃ កុំ​បំភ្លៃ​ការពិត​»​។​

​ត្រង់​ចំណុច​នេះ ខ្ញុំបាទ​សូម​លើក​យក​នូវ​ប្រសាសន៍​ដ៏​ឧត្តុងឧត្តម​របស់​ឯកឧត្តម​បណ្ឌិ​ត ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​តែងតែ​មាន​ប្រសាសន៍​ក្រើនរំឭក​ដល់​អ្នកសារព័ត៌មាន និង​មន្ត្រី​រាជរដ្ឋាភិបាល​ថា អ្នកសារព័ត៌មាន មិនគួរ​មានទោស​រហូត​ជាប់ពន្ធនាគារ ដោយសារ​ការអនុវត្ត​វិជ្ជាជីវៈ​របស់​ខ្លួន​ឡើយ ប៉ុន្តែ​បើ​មានទោស​វិញ គឺ​ត្រឹមតែ​ផាក​ពិន័យ​ជា​ទឹកប្រាក់​ប៉ុណ្ណោះ​។​

​ឯកឧត្តម​បណ្ឌិត បាន​មានប្រសាសន៍​បែបនេះ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩ ដោយ​យោង​លើ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​របស់​កម្ពុ​ជា​ថា «​មន្ត្រី​ស្ថាប័ន​មួយចំនួន ចំពោះ​សារព័ត៌មាន​បាន​ផ្សាយ​ប៉ះពាល់​ដល់​ខ្លួន គឺ​បាន​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ ដោយ​មិន​បាន​ស្នើសុំ​ឲ្យ​អង្គភាព ដែល​បាន​ផ្សាយ​នោះ​ធ្វើការ​បកស្រាយ​បំភ្លឺ​ឡើង​វិញ​ទេ គឺ​សំអាង​ក្រមព្រហ្មទណ្ឌ​បរិហាកេរ្តិ៍ ប៉ុន្តែ​ច្បាប់​នេះ​មិន​អនុវត្ត​លើ​អ្នកសារព័ត៌មាន​នោះទេ​។ ព្រោះ​ក្រមព្រហ្មទណ្ឌ​នេះ​ត្រូវបាន​ច្បាប់​ស្តីពី​អ្នកសារព័ត៌មាន​ការពា​រ​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន​រួចទៅហើយ​»៕

rs220625a01rs220625a05 rs220625a04rs220625a06 rs220625a02

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |