កាលពីរសៀលថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី២ ឆ្នាំ ២០២២ នៅសាលពហុបំណង អគារខេមរានី ដែលរៀបចំឡើងដោយកិច្ចសហការរវាង សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លឹបបាល់ទាត់បឹងកេត មន្ទីរអប់រំ យុវជន និងកីឡា និងដោយមានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ កម្មវិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងរួមមានវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ស.ស.យ.ក. រួមទាំង កីឡាករ កីឡាការិនី ទាំងមកពី ១២សាលា និងលោកគ្រូ អ្នកគ្រូ នាយក នាយិកា ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
បន្ទាប់ពីដំណើរអញ្ជើញមកដល់របស់ឯកឧត្តមប្រធាន គណៈអធិបតី និងភ្ញៀវកិត្តិយស កម្មវិធីនេះមានការចាក់បញ្ចាំងនូវវីដេអូសង្ខេបពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី១ ការបង្ហាញសមាសភាពក្រុមវិទ្យាល័យទាំង ១២ សម្រាប់ ឆ្នាំ ២០២២ ក៏ដូចជាមានការសម្តែង ចម្រៀងសម័យ ពីសិល្បៈករ សិល្បៈការិនីផងដែរ។ គួរបញ្ចាក់ដែរថា ការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី ២ ឆ្នាំ ២០២២ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជាឲ្យកាន់តែមានភាពរស់រវើក បណ្តុះស្មារតីស្រលាញ់កីឡា សុខភាព ជៀសឆ្ងាយពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមសិស្សានុសិស្ស តាមវិទ្យាល័យនានា។
ស.ស.យ.ក. មានមោទនភាពបន្ថែមទៀតក្នុងការបន្តចូលរួមលើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡារបស់កម្ពុជា មិនថាជាកីឡាបាល់ទាត់ ឬប្រភេទកីឡាផ្សេងៗ។ ឆ្លៀតក្នុងឱកាសនេះ ស.ស.យ.ក. ក៏សូមលើកទឹកចិត្តដល់យុវជន យុវនារី កុមារា កុមារី និងប្រជាពលរដ្ឋទាំងអស់ ចូលរួមលេងកីឡាឲ្យបានគ្រប់គ្នា ដើម្បីសុខភាពល្អ និងជាគ្រឹះនៃការរីកចម្រើនជាមួយគ្នា។