ខេត្តកណ្តាល៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី៨ ខែកក្កដា ២០២២នេះ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមិថុនា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង-ស្រុក និងអង្គភាពចំណុះសាលាខេត្ត ជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានលើកឡើងនូវវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមជូនអង្គប្រជុំ ដើម្បីរួមគ្នាត្រួតពិនិត្យពិភាក្សា និងធ្វើការដោះស្រាយនូវចំណុចដែលខ្វះចន្លោះនោះ។ ឯកឧត្តមក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរក្រុង-ស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមគាំទ្រអនុវត្តន៍នូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងបម្រើសេវាទូទៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយភាពស្មោះត្រង់ ត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ឯកឧត្តមបានក៏បានជម្រុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅឯមូលដ្ឋានខ្លួនឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ពោលគឺយើងមិនត្រូវទុកឱ្យរាល់ប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ អូសបន្លាយយូបានឡើយ ត្រូវដោះស្រាយឱ្យបានចប់ទាន់សភាពការណ៍ទើបជាការប្រសើរ។
ឯកឧត្តមអភិបាលរងខេត្តបានបន្ថែមថា ក្នុងនាមអាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ គឺត្រូវតែបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច កាតព្វកិច្ច ទៅតាមទិសដៅការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសាងសមិទ្ធផលថ្មីៗឱ្យបានច្រើនបន្ថែមទៀតក្នុងខេត្ត ត្រូវរួមគ្នាត្រួតពិនិត្យពិភាក្សា បញ្ហាប្រឈម ដូចជាចំណុចខ្វះចន្លោះដែលនៅមិនទាន់បានអនុវត្ត និងការដោះស្រាយ ដើម្បីរួមគ្នាកែលម្អ ដោះស្រាយឱ្យបានកាន់តែល្អប្រសើរ ទាន់ពេលវេលា ឆ្លើយតបទៅនឹងភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្នុងទិសដៅបម្រើជូនប្រជាជននៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ៕