ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងនៅទីតាំបាក់ច្រាំងស្ទឹងព្រែកត្នោត នៅចំណុច វិហារលោកតា សា ថៃជឺ និងពិនិត្យប្រព័ន្ធលូរំដោះទឹក ទល់មុខផ្សារតាខ្មៅចាស់ ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ក្នុងពេលចុះពិនិត្យនេះ ឯកឧត្តម តាំង ម៉េងលាន បានជំរុញដល់មន្ត្រីជំនាញត្រូវ ដោះស្រាយបញ្ហាចំពោះមុខនេះអោយបានឆាប់រហ័ស ដើម្បីសុភ័ណភាពទីក្រុង និងបរិស្ថានល្អ ដោយត្រូវជួសជុលចំទីតាំងនោះឱ្យល្អឡើងវិញ ទាំងការសាងសង់បេតុងកាពារជើងទេរច្រាំងស្ទឹង និងលូរំដោះទឹក ពីព្រោះលូរំដោះទឹកគឺជារឿងសំខាន់ណាស់ បើគ្មានលូទេ នោះទឹកដែលត្រូវហូរចូលស្ទឹងនឹងមិនមានផ្លូវហូរចេញ ដែលធើ្វអោយទឹកហូរបាចសាចច្រោះកង់លូ និងដីផ្នែកខាងក្នុង និងបូករួមនឹងកម្លាំងលំហូររបស់ស្ទឹងព្រែកត្នោត បណ្ដាលអោយមានការស្រុត និងបាក់ដាច់ហែកដាច់ផ្ទៃបេតុងកម្រាល និងការ៉ូឡាមាត់ស្ទឹងមានស្នាមដាច់ចេញពីគ្នា។