លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយសប្បុរធម៌ពី លោក អៀង ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន RITHYSETH DEVELOPMENT នាព្រឹកថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ លោក អៀង ពិសិដ្ឋ ដែលបានឧបត្ថម្ភអង្ករ ២០តោន ជួយដល់មូលដ្ឋានខេត្តស្វាយរៀង ។ សណ្តានចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញអំពីសាមគ្គីភាព និងសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ជនរងគ្រោះ និងផលប៉ះពាល់នៃជំងឺកូវីដ ១៩ នៅខេត្តស្វាយរៀង ។ សកម្មភាពមនុស្សធម៌ទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃរបស់វិស័យឯកជន ដែលបានជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាការជួយដល់ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួ់បការលំបាកនៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យក្រុមហ៊ុនកាន់មានតែមានការរីកចម្រើននិងទទួលបានការគាំទ្រលើវិស័យ សំណង់ ស្ពាន និងផ្លូវបេតុង នៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិលើវិស័យសំណង់ ៕