សូឡូ៖ ប្រធានក្រុមកីឡាបាល់បោះពិការជិះរទេះនារីកម្ពុជា អាន ស៊ីណែត សង្ឃឹមឈ្នះមេដាយមាសពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមនារីឡាវ។
នាព្រឹកមិញនេះ ក្រុមកីឡាបាល់បោះពិការជិះរទេះនារីកម្ពុជាបានប្រកួតឈ្នះក្រុមបាល់បោះពិការជិះរទេះនារីឡាវដោយលទ្ធផល ១១-៥ សម្រាប់វិញ្ញាសានារី៣ទល់៣ ខណៈក្រុមបាល់បោះពិការជិះរទេះនារីថៃ បានយកឈ្នះក្រុមបាល់បោះពិការជិះរទេះនារីហ្វីលីពីន ដោយលទ្ធផលតដៃមិនរួច១១-០។
កីឡាការិនី អាន ស៊ីណែត បានបង្ហាញអារម្មណ៍ក្រោយចប់ការប្រកួតថា ៖«ខ្ញុំមានអារម្មណ៍សប្បាយចិត្ត សប្បាយចិត្តខ្លាំង។ មុនដំបូង យើងបានស្ទាបស្ទង់សិន ដល់ពេលចុះសម្រុកទៅ ឃើញថា យើងធ្វើបានល្អ»។
តាមរយៈការសហការគ្នា និងបិទក្រុមនារីឡាវ បានល្អបានធ្វើក្រុមនារីកម្ពុជាសង្ឃឹមធ្វើបានល្អ សម្រាប់ការប្រកួតបន្ទាប់ និងក្រោយពេលបានមើលសមត្ថភាពលេងរបស់ក្រុមនារីថៃ និងនារីហ្វីលីពីន។ អាន ស៊ីណែត បានលើកឡើថា ៖«ក្រុមនារីថៃ និងហ្វីលីពីន មើលទៅកម្រិតសមត្ថភាពរបស់ពួកគេ យើងអាចសង្ឃឹមយកឈ្នះបាន។ សមត្ថភាពរបស់ថៃប្រហាក់ប្រហែលនឹងយើងដែរ។ ចាំមើលស្អែកប្រកួតជាក់ស្តែង យើងដឹងហើយ។ ខ្ញុំរំពឹងថា ស្អែកនឹងនឹងឈ្នះថៃ។ បើក្រុមនារីហ្វីលីពីនវិញ យើងអាចស៊ីបាន ប៉ុន្តែគ្រាន់តែថា នឹងខំប្រឹងអស់ពីសមត្ថភាព»។
តាមរយៈការវាយតម្លៃពីសមត្ថភាពអាចយកឈ្នះលើក្រុមនារីថៃ និងនារីហ្វីលីពីន បានធ្វើឲ្យប្រធានក្រុមនារីកម្ពុជា សង្ឃឹមទទួលបានមេដាយ។ កីឡាការិនីជាប្រធានក្រុមបាននិយាយថា ៖«ខ្ញុំសង្ឃឹមថា អាចនឹងឈ្នះមេដាយមាស។ ខ្លួនខ្ញុំផ្ទាល់ក៏ដូចជាក្រុមទាំងមូលនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព នៅថ្ងៃស្អែក ដើម្បីយកជ័យជម្នះជូនជាតិមាតុភូមិ»។
ប្រភេទកីឡាបាល់បោះពិការជិះរទេះនារីនេះ មានប្រទេស៤ ចូលរួមប្រកួតគឺកម្ពុជា ឡាវ ហ្វីលីពីន និងថៃ។ ការប្រកួតដំណាក់កាលទី១ វិលជុំសន្សំពិន្ទុពោល គឺក្រុមទាំង៤ ត្រូវប៉ះគ្នាទាំងអស់។ បន្ទាប់ដំណាក់កាលទី២ ក្រុមលេខ១ ត្រូវប្រកួតជាមួយក្រុមលេខ២ ដើម្បីដណ្តើមមេដាយមាស និងក្រុមលេខ៣ ត្រូវប្រកួតជាមួយក្រុមលេខ៤ ដើម្បីដណ្តើមមេដាយសំរឹទ្ធ។
ការប្រកួតវិលជុំសន្សំពិន្ទុ បន្ទាប់របស់ក្រុមនារីកម្ពុជា ត្រូវជួបក្រុមនារីថៃ និងហ្វីលីពីន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២៕