ខេត្តក្រចេះ៖ ទីតាំងសិប្បកម្មកែឆ្នៃឈើ ចំនួន ៤ កន្លែង ត្រូវសមត្ថកិច្ចចម្រុះបង្ក្រាប នៅភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ គិតចាប់ពីថ្ងៃទី ២៦ កក្កដា ២០២២ រហូតដល់ថ្ងៃទី២៧ កក្កដា ២០២២ ។
កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយ កម្លាំងស្រុកសំបូរ និងស្រុកចិត្របុរី សរុបចំនួន ២១នាក់ រថយន្ត ៨គ្រឿង អាវុធចំនួន ៥ដើម ដឹកនាំដោយលោក វរសេនីយ៍ ឯក ម៉ៅ រ៉ាន្នី មេបញ្ជាការរង និងជានាយសេនាធិការ សហការជាមួយកម្លាំង កងរាជអាវុធហត្ថផ្ទៃប្រទេស ចំនួន ២នាក់ និងនាយសង្កាត់រដ្ឋបាលព្រៃឈើរលួសចំនួន ១នាក់ ជំទប់ទី២ ឃុំរលួសមានជ័យ បានធ្វើការចុះធ្វើការហ៊ុំព័ទ្ធរោងសិប្បកម្មកែឆ្នៃ (ទ្វា-បង្អួច) ចំនួន ៤ទីតាំង ក្នុងនោះ៖
– ទីតាំងទី១ រោងសិប្បបកម្មកែឆ្នៃទ្វា-បង្អួច នៅចំណុចUTM(៦៥១៧៤១-១៤៣៣២៦៧)ដែលមានម្ចាស់ឈ្មោះ ឆេង តាំងហេង
– ទីតាំងទី២ រោងសិប្បកម្មកែឆ្នៃទ្វា-បង្អួច នៅចំណុច UTM (៦៥០៤៤១-១៤៣២៨០៨) ដែលមានម្ចាស់ឈ្មោះ យ៉ែម សុភ័ណ្ឌ
– ទីតាំងទី៣ ធ្វើសិប្បកម្មកែច្នៃ ទ្វា-បង្អួច នៅចំណុច UTM (៦៥០៤៨៥-១៤៣៣៣៤១) ដែលមានម្ចាស់ឈ្មោះ ហេង សុខយ៉ា
– ទីតាំងទី៤ ក្រោយផ្ទះប្រពលរដ្ឋនៅចំណុចUTM(៦៥០៨៨៥-១៤៣៣២៩៧) ស្ថិតក្នុងភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ។
ក្នុងនោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យទីតាំងទាំង៤ ដូចខាងក្រោម៖
១.ទីតាំងទី១ រោងសិប្បកម្មកែឆ្នៃទ្វា-បង្អួច ដែលមានម្ចាស់ឈ្មោះ ឆេង តាំងហេង ភេទប្រុស អាយុ ២៦ឆ្នាំ (គ្មានច្បាប់) ដែលមន្ត្រីជំនាញបានធ្វើការដកហូតវត្ថុតាងកាលពីថ្ងៃទី២៦ ០៧ ២០២២ មានដូចជា
– តាបឈូសចំនួន ១គ្រឿង ,ម៉ាសុីនម៉ាសូត ២៥សេសចំនួន ០១គ្រឿង ,ម៉ូទ័រឈូសចំនួន ២គ្រឿង ,ផ្លែរណាថាសវៀលឈើចំនួន ២
– ឈើអារប្រភេទលេខ១ (សុក្រម-ផ្ចឹក) ចំនួន ២៣២ដុំ ស្មើនឹង ៨,៥៨៨ម៉ែត្រត្រីគុណ ។
២.ទីតាំងទី២ រោងសិប្បកម្មកែឆ្នៃទ្វា-បង្អួច ដែលមានម្ចាស់ឈ្មោះ យ៉ែម សុភ័ណ្ឌ ភេទស្រី អាយុ ៥២ឆ្នាំ (មានច្បាប់) ដែលមានលិខិតដូចជា
-លិខិតអនុញ្ញាតបង្កើតរោងសិប្បកម្មកែឆ្នៃផលអនុផលព្រៃឈើខ្នាតតូចលេខ០៥ ខរព/ក្រច ចុះថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០២២ ចេញដោយលោកទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។
-លិខិតសំណើរសុំបន្តសុពលភាពរោងសិប្បកម្មកែឆ្នៃផលអនុផលព្រៃឈើខ្នាតតូច លេខ២១៣ ខរព/ក្រច ចំនួន ០១ច្បាប់
-លិខិតកំណត់ហេតុការចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រោងសិប្បកម្មកែឆ្នៃផលអនុផលព្រៃឈើខ្នាតតូចចំនួន ០១ច្បាប់ ។
៣.ទីតាំងទី៣ រោងសិប្បកម្មកែឆ្នៃ ទ្វា-បង្អួច ដែលមានម្ចាស់ឈ្មោះ ហេង សុខយ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ (មានច្បាប់) ដែលមានលិខិតដូចជា
– លិខិតអនុញ្ញាតបង្កើតរោងសិប្បកម្មកែឆ្នៃផល អនុផលព្រៃឈើប្រភេទតូច លេខ០៨ ខរព/ក្រច ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ចេញដោយលោកទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។
-ប្លង់រោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើខ្នាតតូច ចំនួន ១ច្បាប់
-ប្លង់ទីតាំងភូមិសាស្ត្រ និងរោងផលិតកែច្នៃចំនួន ១ច្បាប់
-តារាងវាស់វែងឈើក្នុងរោងសន្និធិលក់ ចែកចាយផលអនុផលព្រៃឈើចំនួន ១ច្បាប់
៤.ទីតាំងទី៤ ក្រោយផ្ទះប្រពលរដ្ឋនៅចំណុចUTM(៦៥០៨៨៥-១៤៣៣២៩៧) ពិនិត្យឃើញជាប្រភេទឈើជ្រៀកសល់ពីរោងសិប្បកម្មដែលកែឆ្នៃមិនកើត ប្រជាពលរដ្ឋបានសុំយកមកទុកធ្វើរបង ចំនែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ (ស្លាកលេខភ្នំពេញ 3A0322)គឺជារថយន្តរបស់ប្រជាពលរដ្ឋសម្រាប់ដឹករោងការ ។
ពលរដ្ឋមានការងឿងឆ្ងល់ថា រូបភាពឈើដែលពលរដ្ឋផ្តល់អោយអ្នកសារព័ត៌មាន គឺយ៉ាងច្រើនសន្ធឹកសន្ធាប់ តែក្រោយពីចុះបង្ក្រាប បានចំនួនតែ២៣២ដុំ ស្មើនឹង ៨,៥៨៨ម៉ែត្រត្រីគុណទៅវិញ។
នេះជារឿងមួយដែលមិនសមមាត្រគ្នាទាល់តែសោះ ចំពោះរូបភាពមុនចុះបង្ក្រាបនិងក្រោយចុះបង្ក្រាប។
ហើយអ្វីដែលមិនអស់ចិត្ត គឺបាត់ឈ្មោះ លោក លាង ហួរ ដែលជាឈ្មួញឈើនិងជាអ្នកនៅពីក្រោយខ្នងអ្នកដែលរកស៊ីឈើនៅក្នុងឃុំរលួសមានជ័យនោះ ដែលតែងតែចាំសម្របសម្រួលរត់ការ លុយកាក់ជាមួយអ្នកពាក់ព័ន្ធមួយចំនួន។
នាពេលកន្លងមក នៅក្នុងឃុំរលួសមានជ័យនេះផងដែរ គឺតែងតែមានក្មេងទំនើងដែលជាដៃជើងរបស់អ្នករកស៊ីខុសច្បាប់មួយ ចំនួននៅទីនោះ តែងតែធ្វើសកម្មភាពស្ទាក់វាយរថយន្ត អ្នកសារព័ត៌មាននាពេលកន្លងមកផងដែរ ក្រោយពីចុះទៅយកព័ត៌មាននៅទីនោះ។
ជាចុងបញ្ចប់ បងប្អូនប្រជាពលរដ្ឋដែលរកស៊ីមុខរបរសុច្ចរិត ត្រេកអរយ៉ាងខ្លាំងចំពោះចំណាត់ការ ការចុះបង្ក្រាបនៅទីតាំងខាងលើនេះ ហើយពួកគាត់ក៏សំណូមពរឱ្យថ្នាក់ដឹកនាំទាំងអស់ ជួយស្រាវជ្រាវចំពោះបុគ្គលម្នាក់ឈ្មោះ លាងហួរ សារជាថ្មីម្ដងទៀតផងទាន។
តែទោះជាយ៉ាងណា ព័ត៌មាននេះ គ្រាន់តែជាការលើកឡើង ពីបងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ បើមានប្រតិកម្មណាមួយ ពីភាគីពាក់ព័ន្ធ ក្រោយពីការចុះផ្សាយ ភាគីនោះអាចទាក់ទងមកអង្គភាពសារព័ត៌មានយើងខ្ញុំ រៀងរាល់ម៉ោងធ្វើការដោយយោងពីច្បាប់ ស្ដីពីរបបសារព័ត៌មាន៕