ភ្នំពេញ៖ ពិធីបើកព្រឹត្តិការណ៏អាស៊ានប៉ារ៉ាឡាំពិកហ្គេមលើកទី១១ បានប្រព្រឹត្តិទៅជាផ្លូវការ កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ នៅពហុកីឡដ្ឋាន Stadion Manahan ស្ថិតក្នុងទីក្រុងសូឡូ ខេត្តស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត (H.C) K.H. MA’RUF AMIN អនុប្រធានាធិបតី សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមទាំងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc និងឯកឧត្តម យី វាសនា នាយបេសកកម្មប៉ារ៉ាហ្គេមកម្ពុជា និងថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន។
ក្នុងព្រឹត្តិការណ៍នេះ អត្តពលិកជាជនមានពិការភាព ចូលរួមជាង១ពាន់នាក់ ធ្វើការប្រកួតលើ ១៤ប្រភេទកីឡា ខណៈកម្ពុជា បានបញ្ជូនអត្តពលិកចំនួន ១១៥នាក់ ចូលរួម ប្រកួតលើ ១១ប្រភេទកីឡា។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ពិតណាស់ កីឡាមិនត្រឹមតែនាំមកនូវសុខភាព ប៉ុន្តែកីឡាថែមទាំងបង្កើតបាននូវសាមគ្គីភាពសម្រាប់យើងគ្រប់គ្នា។ សម្រាប់ក្រុមជនដែលមានពិការភាព ការផ្តល់លទ្ធភាព និងគាំទ្រឲ្យបានចូលរួមប្រកួត ជាការលើកស្ទួយនូវសិទ្ធិ សេរីភាព សមភាព និងការទទួលស្គាល់នូវតម្លៃរបស់ពួកគាត់ជាប្រជាពលរដ្ឋពេញលេញ។ ក្នុងស្មារតីនេះ កម្ពុជាមិនត្រឹមតែបានបញ្ជូនក្រុមកីឡាករ កីឡាការិនី ក្នុងទ្រង់ទ្រាយធំ មកប្រកួតនាពេលនេះប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ២០២៣ ខាងមុខនេះ នៅព្រះរាជាណាចក្រកម្ពុជាទៀតផង។ នេះសរបញ្ជាក់យ៉ាងច្បាស់ពីគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេច ក៏ជាជនពិការម្នាក់ដែរនោះ។
ពិតណាស់ ពួកគាត់មានពិការភាពតែអវយវៈ ប៉ុន្តែទឹកចិត្តរបស់ពួកគាត់ មិនពិការឡើយ។ ពួកគាត់នៅពេលនេះ ជាតំណាងឲ្យកម្ពុជាយើង! ពួកគាត់នៅពេលនេះ ជាមុខមាត់ជាតិយើង! សូមចូលរួមគាំទ្រដល់កីឡាករ កីឡាការិនីយើងទាំងអស់គ្នា។
គួរបញ្ជាក់ថា នៅថ្ងៃទី៣០ ខែកក្កដា ក្រុមកីឡាការិនីបាល់បោះជិះជនពិការ បានប្រកួតឈ្នះ ក្រុមកីឡាការិនីឡាវ ក្នុងលទ្ធផល ១១ទល់០៥ រីឯក្រុមបុរស ចាញ់ក្រុម ថៃ ០៤ទល់១៦។ រីឯថ្ងៃទី៣១ មានការប្រកួតច្រើន ដូចជា បាល់ទះអង្គុយ បុរស នារី , អុក , បាល់បោះពិការភ្នែក , វាយសី , ប៊ូស្យា , បាល់ទាត់ចលករខួរក្បាល៕