គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អភិវឌ្ឍន៍ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អភិវឌ្ឍន៍ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​

នៅ​ព្រឹក​ថ្ងៃ​សុក្រ ៨​កើត ខែ​ស្រាពណ៍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អភិវឌ្ឍន៍ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ពិធី​ប្រគល់​សញ្ញាបត្រ​នេះ គឺ​ធ្វើឡើង​ចំ​ថ្ងៃ​ខួប​កំណើត​របស់​សម្តេច​តេជោ គម្រប់ ៧០​ឆ្នាំ ឈានចូល ៧១​ឆ្នាំ​។ សម្តេច​តេជោ បានប្រសូត​នៅ​ថ្ងៃ​អង្គារ ១៥​កើត ខែ​ពេញបូណ៌មី ឆ្នាំ​រោង ចត្វា​ស័ក ព​.​ស ២៤៩៦ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​១៩៥២​។​

​សម្តេច​តេជោ ហ៊ុន សែន ជា​មេដឹកនាំ​មួយ​រូប​របស់​កម្ពុជា បាន​លះបង់​អស់​កម្លាំងកាយ​ចិត្ត និង​បញ្ញាញាណ ជាមួយ​ទឹកចិត្ត ឆន្ទៈ​មនសិកា​ស្នេហា​ជាតិ និង​ប្រជាជន​យ៉ាង​ជ្រាលជ្រៅ ក្នុង​ការកសាង និង​អភិវឌ្ឍន៍​សង្គម​កម្ពុជា​។ កម្ពុជា ជា​ប្រទេស​ដែល​បាន​រង​ការយាយី និង​បំផ្លាញ​ខ្ទេចខ្ទី​ព្រោះតែ​ភ្លើងសង្គ្រាម​។ ក្នុង​
​នាម​ជា​មេដឹកនាំ​ទទួលខុសត្រូវ​ខ្ពស់​លើ​ជោគវាសនា​ជាតិ និង​ប្រជាជន​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៨៥​មក សម្តេច​តេជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់ និង​ប្តូរផ្តាច់​យ៉ាង​ខ្លាំងក្លា​បំផុត​។​

​ក្រោម​កិច្ច​ប្រឹងប្រែង​ដោយ​មិន​ខ្លាច​នឿយហត់ និង​ឥត​សន្សំសំចៃ​កម្លាំងកាយ​ចិត្ត និង​បញ្ញាញាណ សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឱ្យ​កម្ពុជា​ដែល​រុំ​ព័ទ្ធ​ដោយ​ផ្សែង​នៃ​ភ្លើងសង្គ្រាម រុំ​ព័ទ្ធ​ដោយ​ភាពក្រីក្រ ក្លាយទៅជា​ប្រទេស​មួយ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ និង​ទទួល​បាន​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់​។ ការផ្តល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អភិវឌ្ឍន៍​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ គឺជា​ការទទួលស្គាល់​ចំពោះ​ស្នាដៃ​ដ៏​ចំណាន​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការដឹកនាំ​កសាង និង​អភិវឌ្ឍន៍​សង្គម​កម្ពុជា​ឱ្យមាន​ភាព​ចម្រើន​លូតលាស់ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​វិបុលភាព​។ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អភិវឌ្ឍន៍ គឺជា​ការផ្តល់​តម្លៃ​យ៉ាងខ្ពស់​ខ្ពស់បំផុត​ចំពោះ​មគ្គុទ្ទេសក៍​ឯក​របស់​ស​ម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុង​ភាព​ជា​អ្នកដឹកនាំ និង​ជា​អ្នក​កសាង​អភិវឌ្ឍន៍​ដ៏​អស្ចារ្យ​មួយ​របស់​សង្គម​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​បាន​ផ្តល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អភិវឌ្ឍន៍ ជូន​សម្តេច​នា​ពេល​នេះ​។

​សម្តេច​តេជោ បាន​មានប្រសាសន៍ថា សម្តេច​ជា​អ្នក​រៀនសូត្រ​មួយជីវិត ដរាបណា​នៅ​មាន​ជីវិត គឺ​សម្តេច​រៀន​ជា​រៀងរហូត​តែម្តង​។ សម្តេច​តេ​ជោបាន​ថ្លែងអំណរគុណ​ជំពោះ​ឧត្តម​ភរិយា​ដែល​តែងតែ​គាំទ្រ និង​ផ្តល់​កម្លាំងចិត្ត​ដល់​សម្ដេច​ជា​និច្ច ។ សម្តេច​ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ​កូនៗ ដែល​តែងតែ​ស្តាប់​ដំបូន្មាន​របស់​សម្តេច​ជា​ឪពុក ធ្វើឱ្យ​សម្តេច​ក្លាយទៅជា​ឪពុក​ដ៏​ល្អ​។ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អំណរ​ព្រះ​គុណ ដល់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ដែល​បាន​ប្រទាន​ពរ​ដល់​សម្តេច ក្នុងឱកាស​ខួបកំណើត​សម្តេច​នា​ថ្ងៃនេះ និង​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ដែល​បាន​ផ្ញើ​សារ​ជូនពរ​សម្តេច​ផងដែរ​។​

​សម្ដេច​តេជោ ហ៊ុន សែន បានលើកឡើង​ពី​ភាពជោគជ័យ​ចំនួន​២​ដែល​ធ្វើឱ្យ​កម្ពុជា​អាច​រៀបចំ​កិច្ចប្រជុំ​អាស៊ាន​បាន បន្ទាប់ពី​កិច្ចប្រជុំ​នេះ​មិន​អាច​ធ្វើបាន​ដោយ​ពេញលេញ​២​ឆ្នាំ​មកហើយ​។ សម្ដេច​បាន​មានប្រសាសន៍ថា អ្វី​ដែល​អាច​ឱ្យ​កម្ពុជា​អាច​រៀបចំ​បាន​នោះ​គឺ​កត្តា​សន្ដិភាព និង​ការគ្រប់គ្រង​ជំងឺ​កូវី​ដ​-១៩ បាន​ល្អ​របស់​កម្ពុជា​។ កត្តា​សន្ដិភាព​គឺជា​រឿង​សំខាន់ ដែលនាំឱ្យ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​របស់​ប្រទេស​អាស៊ាន និង​ប្រទេស​ជា​មិត្ត​អាច​ធ្វើដំណើរ​មក​ចូលរួម​កិច្ចប្រជុំ និង​កម្សាន្ត​បាន​យ៉ាង​ល្អ​គ្មាន​បញ្ហា​កើតឡើង​។ សម្ដេច​បន្ថែម​ថា​បញ្ហា​សំខាន់​មួយទៀត​ដែល​ឱ្យ​កម្ពុជា​អាច​រៀបចំ​បាន​នោះ​គឺ ការគ្រប់គ្រង​ជំងឺ​កូវី​ដ​-១៩ បាន​ល្អ​ដែល​បាន​បើក​សង្គម​សេដ្ឋកិច្ច និង​ទេសចរណ៍ ជាពិសេស​គឺ​គ្មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា ការ​កាន់តំណែង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​គឺ​មិនមែន​ជា​រឿង​ងាយស្រួល​នោះទេ ព្រោះ​មាន​បញ្ហា​ជាច្រើន​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ដែល​ត្រូវ​ដោះស្រាយ​។

​សម្ដេច​បាន​មានប្រសាសន៍ថា សូម្បី​តែ​ការរៀបចំ​កៅអី​សម្រាប់​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​នីមួយៗ​អង្គុយ​ក៏ត្រូវ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​ដោយសារ​ប្រទេស​ទាំង​នោះ​កំពុង​មាន​បញ្ហា​ប្រឈម​ដាក់គ្នា​។ សម្ដេច​បន្ថែមថា កុំថាឡើយ​ការរៀប​កៅអី ការចេញ​សេចក្ដីថ្លែងការណ៍​ក៏​មិន​ងាយស្រួល​ដែរ តែ​សម្ដេច​តេជោ​បានបញ្ជាក់​ថា កម្ពុជា​នៅតែ​មាន​សមត្ថភាព​សម្រប​សម្រួល​៕

img220805a11 img220805a11a img220805a11b img220805a11c img220805a11d img220805a11e img220805a11f img220805a11g img220805a11h img220805a11i

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |