ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីពិធីប្រកាសតែងតាំង លោក ចេង ឌីណា ជាអភិបាល នៃគណ:អភិបាលស្រុកខ្សាច់កណ្ដាល នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ។
ក្នុងឱកាសនោះឯកឧត្តមបានណែនាំដល់លោកអភិបាលស្រុកដែលទើបទទួលការតែងតាំងថ្មីនាពេលនេះ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីរួមគ្នាអនុវត្តការងារ ក្នុងការតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ និងត្រូវថែរក្សាការពារ ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍស្រុកឲ្យកាន់តែរីកចម្រើនថែមទៀត ស្របការវិវត្តរបស់សង្គមជាតិ ប្រកបដោយបរិយាប័ន្ន សមធម៌ ចីរភាព និងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលសង្ឃឹមយ៉ាងមុតមាំថា អភិបាលស្រុកដែលទើបតែងតាំងថ្មី នឹងប្រើប្រាស់នូវចំណេះដឹង ជំនាញ កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី បទពិសោធន៍ការងារ រួមគ្នាជាមួយក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីការអភិវឌ្ឍ និងត្រូវខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកំណែទម្រង់នានា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ ដោយបានជំរុញការអភិវឌ្ឍ ស្រុកខ្សាច់កណ្ដាល ឲ្យសម្រេចបានសមិទ្ធផលថ្មី បន្ថែមទៀត៕