ស្ទឹងត្រែង៖ កាលពីវេលាម៉ោង១និង១០យប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី៣ ខែកុម្ភៈ
ឆ្នាំ២០១៧ អគ្គិភ័យបានវាយប្រហារធ្វើឲ្យឆេះតូបអ្នកលក់ខោអាវអស់ក្លាយជាផេះមួយ
កន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចសមត្ថកិច្ចទាំងយប់ នៅត្រង់
ចំណុចមុខសាលាស្រុកចាស់ ស្ថិតនៅភូមិសៀមប៉ាង ឃុំ សេកុង ស្រុក សៀមប៉ាង
ខេត្តស្ទឹងត្រែង ។
នៅជុំវិញក្នុងរឿងករណីឆេះតូបលក់ខោអាវនេះដែរ លោក សៀន សុខុម អធិការស្តីទី
ស្រុកសៀមប៉ាង បានប្រាប់ឲ្យដឹងថានៅល្ងាចថ្ងៃទី៣ ខែកុម្ភះ នេះថា ម្ចាស់លក់ខោអាវ
មានឈ្មោះគែម វ៉ាន់ធី ភេទប្រុស អាយុជាងម្ភៃឆ្នាំ រស់នៅបណ្តោះអាសន្នក្នុងភូមិឃុំកើត
ហេតុខាងលើ ។ ក្រោយពីបានដឹងព័ត៌មានថាមានករណីអគ្គិភ័យបានឆាបឆេះតូបលក់ខោអាវខាងលើនោះ
កម្លាំងជំនាញពន្លត់អគ្គិភ័យរបស់អធិការស្រុកសៀមប៉ាងបានយករថយន្តពន្លត់អគ្គិភ័យទៅ
ដល់កន្លែងកើតហេតុ ហើយបានជួយធ្វើការបាញ់ពន្លត់ឲ្យរលត់ស្ងប់អស់ទៅវិញ ប៉ុន្តែភ្លើង
បានឆេះខោអាវនិងតូបលក់អស់ទៅហើយ ក្នុងការបណ្តាលឲ្យកើតមានអគ្គិភ័យឆាបឆេះ
តូបអ្នកលក់ខោអាវជជុះខាងលើនោះ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចគឺមកពីដុតធូមរឺ
បណ្តាលមកពីភ្លើងកន្ទុយបារីដែលគេបោះចោល ។ លោកបានបន្តឲ្យដឹងទៀតថា តូបដែល
ឆេះនោះមានទំហំ៤ម៉ែត្រគុណនិង២ម៉ែត្រ សរុបជាទឹកប្រាក់ប្រហែល៣ម៉ឺនដុល្លា ។ លោកបាន
បញ្ជាក់ថា នៅខណៈពេលដែលភ្លើងកំពុងតែឆេះនោះមិនមានអ្នកណានៅនោះទេ ម្ចាស់តូបខាង
លើនោះគឺឡើងទៅទិញអីវ៉ាន់នៅភ្នំពេញ បានប្រើរថយន្តពន្លត់អគ្គីភ័យអស់ចំនួន១គ្រឿង ក្នុងករណី
អគ្គិភ័យឆាបឆេះខាងលើនោះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។
សូមបញ្ជាក់ថា នៅក្នុងករណីអគ្គិភ័យឆេះតូបរបស់អ្នកលក់ខោអាវអស់ខាងលើនោះ គឺសមត្ថកិច្ច
ប៉ូលិសអធិការស្រុកសៀមប៉ាង និងបន្តធ្វើការតាមដានស្រាវជ្រាវរកមូលហេតុបន្តទៀត ដើម្បី
បញ្ជាក់ឲ្យបានដឹងពីការពិត ៕