ខេត្តកំពត៖ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ លោកស្រីមេធាវី តាំង ស៊ីនហុង ជាមេធាវីតំណាងដោយអាណត្តិឱ្យ លោកស្រី ត្រា ចាន់ស្រីលីន រស់នៅភូមិ/សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បានចេញ លិខិតជូនដំណឹង១ច្បាប់ ស្តីពីការរំលាយកិច្ចព្រមព្រៀងចំនួន០២ គឺកិច្ចព្រមព្រៀងបញ្ចប់វិវាទ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ និងកិច្ចព្រមព្រៀងជួលដី ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ រវាង កូនក្តីខ្លួននិង ឈ្មោះ CAMPBELL PETER MARK អាយុ៦៦ឆ្នាំ ជនជាតិអូស្ត្រាលី សញ្ជាតិខ្មែរ កាន់លិខិតឆ្លងដែនលេខ៖ PE0416761 ទីលំនៅបច្ចុប្បន្នផ្ទះជួល ភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត និងសុំឱ្យ ឈ្មោះ CAMPBELL PETER MARK ចាកចេញពីទីតាំងជួលនោះត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ជាកំណត់។
ខ្លឹមសារនៃសេចក្តីជូនដំណឹងនោះបញ្ជាក់ថា បន្ទាប់ពី លោកCAMPBELL PETER MARK និងឈ្មោះ ត្រា ចាន់ស្រីលីន ជាកូនក្តី មានទំនាស់ជាមួយគ្នា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ក្រោមការសម្របសម្រួលរបស់ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ភាគីខាងលោកនិងកូនក្តីយើងខ្ញុំបានធ្វើកិច្ចព្រមព្រៀងបញ្ចប់វិវាទមួយ។ កូនក្តីយើងខ្ញុំរៀបរាប់ឱ្យដឹងថា នាងខិតខំគោរពតាមកិច្ចព្រមព្រៀងនោះរួមទាំងសងបំណុលធនាគារតែម្នាក់ឯង ទោះបីចំណុច២.២.១នៃកិច្ចព្រមព្រៀងនោះបានចែងលើសចំនួនទឹកប្រាក់វិនិយោគដើមពិតប្រាកដក៏ដោយ ផ្ទុយទៅវិញ ភាគីខាងលោកថែមទាំងមិនបានគោរពនូវចំណុច២.១មិនព្រមដកពាក្យបណ្តឹង ហើយនៅតែបន្តនិងបង្កើតបណ្តឹងថ្មីនៅតុលាការ និងចំណុច២.២មិនព្រមលក់ដីនិងអាជីវកម្មជាដើម ដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍ស្របច្បាប់របស់កូនក្តីយើងខ្ញុំដែលជាម្ចាស់កម្មសិទ្ធិករស្របច្បាប់។
តាមការអះអាងរៀបរាប់ពីកូនក្តីយើងខ្ញុំ បានបញ្ជាក់បន្ថែមថា ភាគីខាងលោកមិនត្រឹមតែមិនបានគោរពតាព្វកិច្ចក្នុងកិច្ចព្រមព្រៀងបញ្ចប់វិវាទទេ ប៉ុន្តែថែមទាំងមិនគោរពកិច្ចព្រមព្រៀងជួលដីនិងទ្រព្យសម្បត្តិពាណិជ្ជកម្មរយៈពេល៣០ឆ្នាំ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ទៀតផង គឺបានរំលោភលើចំណុច៖ អភិវឌ្ឍន៍ទីតាំងជួលជាសំណង់ការ្យរឹងមាំដោយគ្មានការអនុញ្ញាតពីកូនក្តីយើងខ្ញុំ ថែមទាំងចាក់សោរទ្វារនិងមិនអនុញ្ញាតិឱ្យកូនក្តីយើងខ្ញុំជាម្ចាស់ដីចេញចូលបរិវេណទីតាំងជួលដើម្បីពិនិត្យមើលទ្រព្យសម្បត្តិរបស់គាត់ឡើយ។ ទន្ទឹមនិងនោះ កូនក្តីយើងខ្ញុំបានឱ្យដឹងបន្ថែមថា ភាគីខាងលោកបានអនុញ្ញាតិអោយ ឈ្មោះ សួន សាំងវ៉ា ដែលជាគូរទំនាស់កូនក្តីយើងខ្ញុំ និងជនបរទេសម្នាក់ទៀត ឈ្មោះ ស្កុត ឱ្យចេញចូលបរិវេណទីតាំងផ្ទះជួល ដែលកន្លងមកធ្លាប់បានធ្វើសកម្មភាពប៉ុនប៉ងសម្លាប់កូនក្តីយើងខ្ញុំជាម្ចាស់ផ្ទះ ។
សេចក្តីដូចបានជម្រាបជូនដំណឹងខាងលើ សូមជម្រាបជូន លោក CAMPBELL PETER MARK ឱ្យជ្រាបនិងចាកចេញពីលំនៅដ្ឋានដែលលោកបានជួលពីកូនក្តីយើងខ្ញុំ ឈ្មោះ ត្រា ចាន់ស្រីលីន ដែលជាម្ចាស់កម្មសិទ្ធិករស្របច្បាប់ ក្នុងរយៈពេល១៥ថ្ងៃ ប្រសិនបើលោកមិនចាកចេញទេ កូនក្តីយើងខ្ញុំនឹងអនុវត្តសិទ្ធិក្នុងនាមជាម្ចាស់កម្មសិទ្ធិករស្របច្បាប់ ពីព្រោះថា លោកបានរំលោភបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺ ច្បាប់ភូមិបាល និងក្រមព្រហ្មទណ្ឌ។