ពិធីសំណេះសំណាលជាមួយនិស្សិតទើបបញ្ចប់កម្មសិក្សា និងត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអុីស្រាអែល ក្នុងឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. នៅស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី នាថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសិស្សនិស្សិតប្រមាណ ៣៧០ នាក់។
ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់វិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសផ្តល់ឱកាសអោយសិស្សនិស្សិតទៅចុះកម្មសិក្សានៅប្រទេសអុីស្រាអែល។ បន្ថែមពីនេះ ឯកឧត្តមបានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ការតស៊ូ និងការជំនះពុះពារប្រកបដោយការប្តេជ្ញាចិត្ត និងការតាំងចិត្តខ្ពស់របស់ប្អូនៗ និស្សិតរហូតដល់ទទួលបានការជ្រើសរើសឱ្យចុះកម្មសិក្សា។ ឯកឧត្តម ក៏បានឆ្លៀតចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដែលឯកឧត្តមធ្លាប់ជានិស្សិតអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសមួយរូបផងដែរ។
បន្ថែមពីនេះ ឯកឧត្តមបានធ្វើការផ្តែផ្តាំដល់សិស្សនិស្សិតដែលត្រៀមទៅបន្តកម្មសិក្សា អោយខិតខំក្រេបយកចំណេះវិជ្ជា និងលើកទឹកចិត្តដល់សិស្សនិស្សិតដែលបានបញ្ចប់កម្មសិក្សាអោយយកបទពិសោធន៍ និងចំណេះដឹងដែលទទួលបាន មកប្រើប្រាស់ដើម្បីជួយខ្លួនឯង គ្រួសារ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ ៕