ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក ដែលពិធីនេះមានការអញ្ជើញចូលរួម ពីកងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការសាលាស្រុកលើកដែក។
អភិបាលរង នៃស្រុកលើកដែក ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងរួមមាន៖
១.លោក នូ វ៉ាន់ណូ អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក។
២.លោក រុន ប៉ូលី អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក។
៣.លោក ផល្លី ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លើកឡើងថា ការប្រកាសចូលកាន់មុខតំណែងនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ រាជរដ្ឋាភិបាលបានសិក្សារៀបចំច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធនធានមនុស្សក្នុងជួរគណៈអភិបាលដែលជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្ត្រនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីរ៉ាប់រងអនុវត្ត មុខងារ និងធនធានដែលបានផ្ទេរពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ អនុវត្តសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សា និងអនុវត្តតួនាទីជាតំណាងឱ្យរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានានៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដូចជា ការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានស្នើដល់អភិបាលរងស្រុកទើបចូលកាន់មុខតំណែងថ្មី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលស្រុកលើកដែកទាំងមូល សូមបន្តយកចិត្តទុកដាក់ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗ បន្ថែមទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធម៌ និងចីរភាព។ បន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវ បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង ការជួញដូរមនុស្ស បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ដែលមាន លកខណៈសម្បត្តិ ៧យ៉ាង របស់រាជរដ្ឋាភិបាលឱ្យបានល្អប្រសើរ។ បន្តទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវការរំលោប ទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ហើយរាល់ការចេញ លិខិតបញ្ជាក់ការផ្ទេរកម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។ បន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការណ៍បី ជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។ ត្រូវបន្តពង្រឹង និងកែលម្អការផ្ដល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយនៅ រដ្ឋបាលស្រុក ដែលទើប ត្រូវបានកែសម្រួលបែបបទ និងនីតិវិធីនៃការផ្តល់សេវាស្របតាមរចនាសម្ព័ន្ធ និងមុខងារថ្មី ដោយត្រូវយកចិត្ត ទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យ ប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។ លើសពីនេះទៀត រដ្ឋបាលស្រុកត្រូវជំរុញ និងគាំទ្រការងាររៀបចំដាក់ឱ្យដំណើរការ ការផ្តល់សេវារដ្ឋបាលតាម យន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ។