កំពង់ឆ្នាំង៖ នាយករងវិទ្យាល័យមួយកន្លែងក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនមកអយ្យការនៃសាលាដំបូងខេត្ត ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ និងផលិតចែកចាយរូបភាពអាសអាភាសលើកុមារ និងករណីហិង្សាដោយចេតនា។
សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានឲ្យដឹងកាលពីថ្ងៃទី២១ ខែកុម្ភ ឆ្នាំ២០២៣ថា ជនបង្កខាងលើឈ្មោះ ង៉ែត សុខខេង ភេទប្រុស អាយុ ៤១ឆ្នាំ ជានាយករងសាលាផ្នែកវិន័យ និងបរិស្ថាននៅវិទ្យាល័យមួយ។
តាមពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់កុមារីរងគ្រោះ បានរៀបរាប់ថា ជនសង្ស័យឈ្មោះ ង៉ែត សុខខេង នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន បានលួងលោមកុមារីជាកូនគាត់ថា ទៅរៀនបើករថយន្តជាមួយលោកគ្រូឈ្មោះ ង៉ែត សុខខេង រួចបែរជាលួចដាក់ថ្នាំចូលក្នុងទឹកឱ្យកូនគាត់ផឹក។ លុះពេលកូនគាត់សន្លប់បាត់បាននាំកូនគាត់ទៅរំលោភរហូតបានសម្រេចជាច្រើនដង និងបានថតរូប និងវីដេអូរកំពុងចាប់រំលោភកុមារីរងគ្រោះនោះ ដើម្បីទុកគំរាមកុមារីរងគ្រោះសម្រាប់បំពេញតណ្ហារបស់ខ្លួនលើកក្រោយទៀត។
ជាមួយនឹងករណីនេះ សមត្ថកិច្ចសូមអំពាវនាវដល់មាតាបិតាសិស្សទាំងឡាយតាមបណ្តាលស្ថាប័នរដ្ឋ ឬឯកជននានា មេត្តាប្រុងប្រយ័ត្នចំពោះបុត្រធីតារបស់ខ្លួន និងពិនិត្យតាមដានរាល់ទំនាក់ទំនងរវាងគ្រូៗដែលមានភាពស្និតស្នាលជាមួយកូនស្រីខ្លួនអោយមែនទែន ដើម្បីជៀសវាងករណីណាមួយអាចកើតឡើងជាយថាហេតុដូចការផ្សព្វផ្សាយខាងលើ៕