នា ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក “កម្មវិធីជិះកង់អង្គរសង្ក្រាន្ត” នៅមុខបរិវេណឧទ្យានជាតិអង្គរវត្ត។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនចំនួន ១៤ ក្រុម សរុបប្រមាណ ៤១២ នាក់។
ថ្លែងមានប្រសាសន៍នាពិធីបើកនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងដើម្បីអបអរសាទរការឈានមកដល់ព្រឹត្តិការណ៍ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បន្ថែមពីនេះ ឯកឧត្តមបានលើកឡើងថា ព្រឹត្តិការណ៍នេះក៏ធ្វើឡើងដើម្បីលើកតម្កើងនូវកិត្យានុភាពជាតិ សិល្បៈ អរិយធម៌ វប្បធម៌ដ៏ផូរផង់របស់កម្ពុជា ជាពិសេសគឺបង្ហាញពីមោទកភាពក្នុងនាមជាខ្មែរដូចគ្នា។
ឯកឧត្តមបានបន្តថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ ១៦ មេសា ក្រោមប្រធានបទ “ក្តីស្រមៃ និងក្តីសង្ឃឹម” នឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់ក៏ដូចជាមិត្តភ័ក្តិអន្តរជាតិទាំងអស់បានជួបជុំគ្នារីករាយ និងទទួលបានបទពិសោធន៍មិនអាចបំភ្លេចបានក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សូមជម្រាបថា កម្មវិធីជិះកង់នេះមានចម្ងាយ ២០ គីឡូម៉ែត្រដោយចាប់ផ្តើមចេញដំណើរពីបរិវេណមុខអង្គរ ឆ្លងកាត់តំបន់អង្គរធំ ឆ្ពោះទៅកាន់ប្រាសាទព្រះខ័ន និងត្រឡប់មកបរិវេណមុខអង្គរវត្តវិញ។ ចំណែកឯថវិកាដែលបានមកពីការទិញសំបុត្រនិងអាវ នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ – Angkor Hospital for Children។