នៅក្នុងសន្និបាតបូកសរុបលទ្ផផលការងារ៥ឆ្នាំ២០១៨ ២០២២ និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៣-២០២៨ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែមេសានេះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្រសួងព័ត៌មានបានបញ្ជាក់ថា ក្នុងរយះពេល៥ឆ្នាំមកនេះ ក្រសួងពត៌មានសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ដោយបានឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែង ក្នុងការអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងដើរទាន់ការវិវត្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា កម្មវិធីថ្ងៃនេះគឺដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមកនិងក៏ជាពេលដែលសំខាន់សម្រាប់ក្រសួងព័ត៌មានធ្វើការពិនិត្យ និងវាយតម្លៃលទ្ធផលការងារ កាលានុវត្តភាព និង បណ្ដាបញ្ហាប្រឈមនានា ដើម្បីរៀបចំគោលនយោបាយផែនការយុទ្ធសាស្ត្រ និងទិសដៅការងារសម្រាប់អនុវត្តបន្ត ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែង ដើម្បីអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងដើរទាន់ការវិវត្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងដែរថា ជាមួយនឹងការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងដោយមានការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជ ការព្រមទាំងមានកិច្ចសហការ ល្អរវាងប្រព័ន្ធផ្សព្វផ្សាយជាតិ និងឯកជនបានធ្វើឱ្យក្រសួងព័ត៌មាន សម្រេចបាននូវសមិទ្ធផលយ៉ាងច្រើន។