ខេត្តមណ្ឌលគិរី÷មន្ត្រីរាជការមានតួនាទីជាចៅរងសង្កាត់រមនា ប្រើអំពើហិង្សាដោយទាញកែវស្រាគប់ទៅលើបុរសចំណាស់ម្នាក់ដែលជាជនជាតិព្នងរួមតុផឹកស៊ីបណ្ដាលឲ្យរយៈក្បាលរងរបួសធ្ងន់ ។ យ៉ាងណា ក៏ដោយចៅសង្កាត់រង មិនមានទោសដល់ថ្នាក់ជាប់គុក ច្រវ៉ាក់នោះទេ ក៏ព្រោះតែអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជា ពិសេសស្ថាប័នជំនាញមិនយកច្បាប់មកអនុវត្ត។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង៨និង៣០ នាទីយប់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៣ មានកម្មវិធីផឹកស៊ីមួយបានរៀបចំឡើង នៅចំណុចផ្ទះឈ្មោះ មើក ងឿន ស្ថិតនៅភូមិពូត្រុំក្រុម១ សង្កាត់រមនា ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី។ កម្មវិធីផឹកស៊ីសប្បាយដែលមានការចូលរួមពីលោកចៅសង្កាត់រងនៃសង្កាត់រមនា ហាក់ដូចជាប្រព្រឹត្តទៅយ៉ាងរីករាយប៉ុន្តែស្រាប់តែមានទំនាស់ពាក្យសម្ដីរវាងអ្នកចូលរួមក្នុងកម្មវិធីនិងបុរសតួនាទីជាចៅសង្កាត់រងបានផ្ទុះឡើង។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ទំនាស់ពាក្យសម្ដីតឹងសរសៃក នៅកម្មវិធីផឹកស៊ីបានកើតឡើងរវាងលោកចៅសង្កាត់រងនិងបុរសចំណាស់ម្នាក់ដែលជាជនជាតិព្នង ដែលធ្វើឲ្យលោក ហួរ ណារិន នៅសង្កាត់រងសង្កាត់រមនា ទាញកែវស្រាគប់ទៅ លើឈ្មោះជ្រាង ណើប ភេទ ប្រុស អាយុ ៦៣ ឆ្នាំបណ្ដាលឱ្យរងរបួសក្បាលហូរឈាមស្រោចពេញមុខ។ របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះជ្រាង ណើប ភេទប្រុសអាយុ ៦៣ ឆ្នាំ ជនជាតិ ព្នង មុខរបរមន្ត្រីចូលនិវត្ត៍មានទីលំនៅ ភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី ។ រីឯជនបង្កឈ្មោះ ហួរ ណារិន ភេទ ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ព្នង មុខរបរ ចៅសង្កាត់រងរមនា មានទីលំនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប្រភពបានឱ្យដឹងថា ករណីអំពើហិង្សានេះកើតឡើងដោយសារតែទំនាស់ពាក្យសម្ដីពេលផឹកស៊ីស្រវឹង។ បើទោះជាជនរងគ្រោះរងរបួសធ្ងន់យ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចមិនចាប់ខ្លួនលោកហួរ ណារិនបញ្ជូនទៅចាត់ការតាមច្បាប់នោះដែរ។ តើមូលហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចមិនចាត់វិធានការចំពោះករណីហិង្សានេះ ឬមួយខ្លាចអំណាចលោកហួរ ណារិនចៅ សង្កាត់រងរមនានោះ ។ យ៉ាងណាក៏ដោយគេសង្ឃឹមថាសមត្ថកិច្ចផ្សេងទៀតនៅខេត្តមណ្ឌលគីរីជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង៕