ស្រុកខ្សាច់កណ្តាល៖ ថ្លែងក្នុងពិធី សម្ពោធ ដាក់អោយប្រើប្រាស់ ជាផ្លូវការ សមិទ្ធផលនានា ស្រុកខ្សាច់កណ្តាល នៅថ្ងៃទី១៦មិថុនានេះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនពន្ធ័មុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះខេត្តកណ្តាល បានអំពាវនាវ អោយប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាព ខណៈសន្តិភាព ជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍។ ហើយមនុញ្ញផល នៃកត្តាសន្តិភាព និងការអភិវឌ្ឍនេះហើយ ដែលយើងទាំងអស់គ្នា កំពុងទទួលបាន សព្វថ្ងៃនេះ, កើតចេញពីការដឹកនាំ ប្រកបដោយគតិបណ្ឌិត និង ភាពឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា, ដែលបានដឹកនាំអភិវឌ្ឍ ប្រទេសជាតិ ចេញពីបាតដៃទទេ រហូតសម្រេចបាន នូវសមិទ្ធផលជាច្រើន ឥតគណនា រហូតដូចបច្ចុប្បន្ននេះ ។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បន្តទៀតថា៖ ជាមួយនឹង សមិទ្ធផលនានា ជាច្រើនផ្សេងទៀត របស់ស្រុកខ្សាច់កណ្ដាល ដែលត្រូវបានសាងសង់ ជាបន្តបន្ទាប់ សំដៅលើកកម្ពស់ សោភ័ណ្ឌភាព, ផាសុខភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលរស់នៅ ស្រុកខ្សាច់កណ្តាលផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋ ជាច្រើនដទៃទៀត ដែលបាននឹងកំពុង ប្រើប្រាស់ និងទទួលផល ពីសមិទ្ធផលទាំងអស់នេះ។
ជាមួយគ្នានេះ ឯកឧត្តម គង់សោភណ្ឌ័ អភិបាលខេត្តកណ្តាល បានអោយដឹងថា៖សមិទ្ធផលនានា ដែលបានសម្ពោធ ដាក់អោយប្រើប្រាស់ ជាផ្លូវការ នាពេលនេះ រួមមាន៖ កំណាត់ផ្លូវលេខ ៧០ បេ ប្រវែង ៣០០០ ម៉ែត្រ , លូរំដោះទឹកអមសង្ខាងផ្លូវ, កំណាត់ផ្លូវលេខ ៣៨១ អា, ផ្លូវបេតុង ១៤ ខ្សែ ,ផ្លូវក្រាលថ្មមិច, ក្រាសគ្រួសក្រហម ,ផ្លូវលំដីស និង រីហ្គែ ៥៥ កន្លែង, អគារមណ្ឌលសុខភាព ១ ខ្នង និង របង ១៥០ ម៉ែត្រ; អគារសិក្សា ១ ខ្នង, ២ ជាន់ មាន ៦ បន្ទប់; អគារទីចាត់ការមត្តេយ្យសិក្សា ១ ខ្នង; បង្គោលភ្លើង សូឡា ៥៣៨ ដើម និង សមិទ្ធផលនានាជាច្រើនទៀត ដោយចំណាយថវិកាសរុបប្រមាណ ១១ លានដុល្លារអាម៉េរិក៕
0
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ អំពាវនាវអោយ ប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាព ខណៈសន្តិភាព វាជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍
Filed in: ព័ត៌មានជាតិ