ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញប្រគេនទៀនព្រះ វស្សា សំពត់សាដក និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ជូនព្រះចៅអធិការវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។ ហើយជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែនាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។
ទេយ្យទានដែលបានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ជូនព្រះចៅអធិការវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក រួមមាន៖ ទៀនព្រះវស្សា ០១ គូ, អង្ករ១៤តោន, ទឹកសុទ្ធ ២០ កេស, ទឹកផ្លែឈើ ២០ កេស, មី ២០ កេសតូច, ត្រីខ ២០ កេស, ទឹកត្រី២០ យួរ, ទឹកដោះគោ ១កេស និងបច្ច័យមួយចំនួន។