(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី គ្រប់បណ្តារាជធានី-ខេត្ត ត្រូវពិនិត្យលទ្ធភាព ដើម្បីរៀបចំចុះបញ្ជីអគារសហកម្មសិទ្ធិ និងពន្លឿនការចុះបញ្ជី ដីធ្លីដែលនៅសេសសល់ ជូនប្រជាពលរដ្ឋដែលជាតម្លៃនៃទុនវិនិយោគ។
ការជំរុញបែបនេះរបស់ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្តរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប។
ជាមួយគ្នានេះឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបន្ថែមថា ត្រូវគិតគូរបញ្ចូលសេវាសាធារណៈចាំបាច់ របស់ច្រកចេញចូលតែមួយ ជាបណ្តើរៗទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាលឿនរហ័ស និងជឿទុកចិត្តបាន។
ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ចំពោះកិច្ចការរៀបចំនគរូបនីយកម្មនៅខេត្តសៀមរាប ត្រូវពិនិត្យមើលការរៀបចំក្រុង ដើម្បីឆ្លើយតបទៅនឹងប៉ូលសេដ្ឋកិច្ចវប្បធម៌ និងទេសចរណ៍ ដែលជាខឿនទ្រទ្រង់សេដ្ឋកិច្ចរបស់ខេត្ត និងគិតគូរយ៉ាងណាឱ្យប្រជាជនអាចរស់នៅបានសុខដុមរមនា ទទួលផ្លែផ្កាពីផែនការរៀបចំទីក្រុងមួយនេះ៕
0
ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញឱ្យមន្ទីររៀបចំដែនដីគ្រប់រាជធានី-ខេត្ត ពិនិត្យលទ្ធភាពពន្លឿនចុះបញ្ជីអគារសហកម្មសិទ្ធិ និងដីធ្លីដែលនៅសេសសល់ជូនពលរដ្ឋ
Filed in: ព័ត៌មានជាតិ