ភ្នំពេញៈ ក្រោយសង្កេតឃើញថា ផលិតផល«ស្លា»កញ្ចប់ម៉ាក គូវៃវ៉ាង «KOUWEIWANG» ក្លែងក្លាយ បាននឹងកំពុងចរាចរក្នុងទីផ្សារមួយចំនួន នៃព្រះរាណាចក្រកម្ពុជា លោក ខៃ បូ (CAI BO) ប្រធានក្រុមហ៊ុន ស៊ាងយីប៊ីនឡាង ត្រេឌីង ឯ.ក មានអាសយដ្ឋាននៅភូមិ៥ សង្កាត់៤ ក្រុង និងខេត្តព្រះសីហនុ ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ក្នុងប្រទេសកម្ពុជា នូវផលិតផលស្លាកញ្ចប់ម៉ាក KOUWEIWANG ពីក្រុមហ៊ុន HUNAN KOUWEIWANG GROUP CO.,LTD ប្រទេសចិន ដោយមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងពាណិជ្ជកម្ម លេខ ៣០៨៩ ព.ណ កសប ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានដាក់ពាក្យ បណ្តឹងប្តឹងទប់ស្កាត់ និងបង្ក្រាបករណីកែច្នៃ នាំចូល ស្តុក ចែកចាយ ដាក់តាំងលក់ផលិតផលខាងលើ ទៅឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា ព្រោះករណីនេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធស្របច្បាប់របស់ក្រុមហ៊ុនលោក និងធ្វើឲ្យក្រុមហ៊ុនរបស់លោកមានការខាតបង់ជាច្រើន ជាពិសេសផលិតផលក្លែងក្លាយទាំងនោះ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ជាលទ្ធផលនៃការប្តឹងនេះ សមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យជាជនជាតិចិនចំនួន ២ នាក់ ទី១.ឈ្មោះ ស៊ី វ៉េន (XI WEN) ភេទប្រុស អាយុ ៤៣ ឆ្នាំ។ ទី២.ឈ្មោះ លូ ហ្ស៊ីតាយ (LIU ZHITAI) ភេទប្រុស អាយុ ៣២ ឆ្នាំ និងបានដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសមួយ ចំនួនយកទៅរក្សាទុករង់ចាំនីតិវិធីនៅតុលាការ ដែលធ្វើឲ្យលោក ខៃ បូ (CAI BO) ជាជនរងគ្រោះ និងជាអ្នករកស៊ីសុចរិតត្រឹមត្រូវម្នាក់ មានក្តីត្រេកអរ សប្បាយរីករាយ និងជឿជាក់លើចំណាត់ការរបស់សម្ថកិច្ចជំនាញពាក់ព័ន្ធជាខ្លាំង។
ស្នាមញញឹមពព្រាយដូចគ្រាប់ជីត្រូវទឹក ប្រែជាស្រពោតស្វិតមួយរំពេច ក្រោយប្រធានក្រុមហ៊ុន ស៊ាងយី ប៊ីនឡាង ត្រេឌីង ឯ.ក រូបនេះ ទទួលដំណឹងថា ជនសង្ស័យទាំងពីរខាងលើដែលធ្វើទង្វើមិនគប្បីចំពោះលោក ត្រូវបានដោះលែងឲ្យមានសេរីភាពជាធម្មតាវិញ បន្ទាប់ពីចាប់ និងឃុំខ្លួនបានមួយដង្ហើមខ្សុច! ដោយលោកជាដើមបណ្តឹង ពុំបានទទួលព័ត៌មានជាក់លាក់ណាមួយ ពីការដោះលែងជនសង្ស័យទាំងនោះទេ។
គួរឲ្យដឹងផងដែរថា កាលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមនឹងអាជ្ញាធរមូលដ្ឋានខណ្ឌកំបូល ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងមួយកន្លែង ស្ថិតនៅបុរីខេភី ម៉នដានី ផ្ទះលេខ១២ ផ្លូវលេខ៣ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ពាក់ព័ន្ធករណីវេចខ្ចប់ ផលិតផលផ្លែស្លាកញ្ចប់ក្លែងក្លាយ។ ក្រោយពីសមត្ថកិច្ចធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែង បានរកឃើញនូវឧបករណ៍សម្ភារ:បំរើឲ្យការងារវេចខ្ចប់ និងផលិត ចំនួន ៨៩,៥ គីឡូក្រាម, ម៉ាស៊ីនវេចខ្ចប់ចំនួន ០២គ្រឿង និងកុំព្យូទ័រយួរដៃចំនួន ០១គ្រឿង ។
បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកស្រីព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ចធ្វើការដកហូតសម្ភារ:ទាំងអស់ ដោយយកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យស្រាវជ្រាវបន្ត រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច ហើយបាននាំខ្លួនម្ចាស់ទីតាំង ០២រូប ជាជនជាតិចិន មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី និងបញ្ជូនទៅតុលាការ ដើម្បីវិនិច្ឆ័យទោសតាមផ្លូវច្បាប់ ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។
ពាក់ព័ន្ធនឹងករណីនេះចាប់ភ្លាម លែងភ្លែត! ទាំងមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់នេះ បានធ្វើឲ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំង ដោយបានលើកជាសំនួរថា « តើឲ្យអ្នកមករកស៊ីស្រុកខ្មែរ ដែលបង់ពន្ធជូនរដ្ឋជាប្រចាំ អាចបន្តនៅរកស៊ីក្នុងស្រុកខ្មែរម្តេចបាន បើជនល្មើសបានប្រព្រឹត្តបទល្មើស មានភស្តុតាងត្រឹមត្រូវហើយ បែជាមិនដាក់ទោសតាមផ្លូវច្បាប់? »។
- លោក ខៃ បូ (CAI BO) ប្រធានក្រុមហ៊ុន ស៊ាងយីប៊ីនឡាង ត្រេឌីង ឯ.ក បានធ្វើការអំពាវនាវដល់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា សូមមេត្តាជួយពិនិត្យមើលករណីនេះផង ព្រោះថាវាពិតអយុត្តិធម៌ខ្លាំងណាស់សម្រាប់រូបលោក ដែលជាអ្នករកស៊ីសុចរិតត្រឹមត្រូវនៅកម្ពុជា…៕