(ភ្នំពេញ)៖ ក្នុងឱកាស អបអរខួបអនុស្សាវរីយ៍ លើកទី៤៥ កំណើតទីភ្នាក់ងារ សារព័ត៌មានកម្ពុជា SPK (បច្ចុប្បន្ន AKP) និងវិទ្យុសំឡេងប្រជាជនកម្ពុជា (បច្ចុប្បន្ន វិទ្យុជាតិកម្ពុជា) ០៣ ធ្នូ ១៩៧៨-០៣ ធ្នូ ២០២៣ និងខួបអនុស្សាវ រីយ៍ លើកទី៤០ កំណើត ទូរទស្សន៍ជាតិកម្ពុជា ០៣ ធ្នូ ១៩៨៣-០៣ ធ្នូ ២០២៣ ក្នុងនាមក្រសួងព័ត៌មាន ឯកឧត្ដមនេត្រ ភក្ត្រា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន សូមគោរពដឹងគុណ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងអស់ ដែលបានលះបង់អាយុជីវិត កម្លាំងកាយចិត្ត បញ្ញាក្នុងការបង្កើត ប្រព័ន្ធផ្សព្វផ្សាយជាតិឡើងវិញ ក្រោយពីបំផ្លិចបំផ្លាញ ស្ទើរគ្មានសល់ ក្រោមកណ្តាប់ដៃ នៃរបបខ្មែរក្រហម ប៉ុល ពត។
ឯកឧត្ដម នេត្រ ភក្ត្រា បានបញ្ជាក់ថា៖ «ប្រព័ន្ធផ្សព្វផ្សាយជាតិនេះ បានដើរតួនាទី យ៉ាងសំខាន់ ក្នុងដំណើរ នៃការស្តារនិង កសាងជាតិកម្ពុជាឡើងវិញ ពីគំនរផេះផង់ ឈាមនិងទឹកភ្នែក»។
បើតាម រដ្ឋមន្រ្តីក្រសួងព័ត៌មាន, នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៧៨ ប្រជាជនកម្ពុជា បានអបអរសាទរ ចំពោះសិទ្ធិសេរីភាព ក្នុងការទទួលបាន នូវព័ត៌មានឡើងវិញ ដោយសារតែសារព័ត៌មានកម្ពុជា ឬ SPK ត្រូវបានបង្កើតឡើងវិញ ពោលគឺមួយថ្ងៃក្រោយការបង្កើត រណសិរ្សសាមគ្គីសង្គ្រោះ ជាតិ ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ បន្ទាប់មក វិទ្យុសំឡេងប្រជាជនកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថា វិទ្យុជាតិកម្ពុជា ក៏ត្រូវបានបង្កើតឡើង ផងដែរ និងបានដំណើរការ ផ្សព្វផ្សាយ របស់ខ្លួនរហូតមកទល់ សព្វថ្ងៃនេះ។
ឯកឧត្ដមរដ្ឋមន្រ្តី បានរម្លឹកថា៖ អនុស្សាវរីយ៍ នៃដំណើរការ របស់វិទ្យុសំឡេង ប្រជាជនកម្ពុជានៅពេលនោះ គឺការអត្ថាធិប្បាយព័ត៌មាន បានប្រព្រឹត្តទៅ ដោយមានតែមីក្រូមួយទេ ដាក់នៅចំ កណ្តាល សម្រាប់ឲ្យ អ្នកសារព័ត៌មាន ពីរនាក់ អាន បណ្តាក់គ្នា។
ឯកឧត្ដម រដ្ឋមន្ត្រី បន្តថា៖ «ថ្ងៃទី៣ ធ្នូ ឆ្នាំ១៩៧៨ ជាព្រឹត្តិការណ៍ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ចងចាំមិនអាច បំភ្លេចបានឡើយ ព្រោះវាជាលើកដំបូង សម្រាប់ការចាប់ផ្តើម នៃការផ្សាយឡើងវិញ នូវព័ត៌មាន និងរូបថតជាផ្លូវការ ជាពិសេស ការផ្សាយ ស្តីពីព្រឹត្តិការណ៍ ចលនារំដោះជាតិ ២ ធ្នូ ដ៏សំខាន់ សម្រាប់ជាតិកម្ពុជាទាំងមូល ក្រោយពេល ដែលកម្ពុជាបានធ្លាក់ចូល ទៅក្នុង ភ្នក់ភ្លើងសង្រ្គាម របបខ្មែរក្រហម ដែលនៅក្នុង របបប្រល័យ ពូជសាសន៍នោះ អ្វីៗត្រូវបាន បំផ្លិចបំផ្លាញ អស់ស្ទើរគ្មានសល់ រីឯវិស័យសារព័ត៌មាន ត្រូវបានរលាយសាបសូន្យអស់ ដោយពុំមានសារព័ត៌មាន ណាមួយអាចចេញផ្សាយ បានទេ លើកលែងតែទស្សនាវដ្តី និងស្ថាននីយ៍វិទ្យុ ដែល គ្រប់គ្រងដោយ អង្គការខ្មែរក្រហម សម្រាប់ផ្សព្វផ្សាយ តែពាក្យស្លោកនៃលទ្ធិកុម្មុយនីស្តប៉ុណ្ណោះ»៕