ភ្នំពេញៈ បើតាមប្រភពព័ត៌មាន ដកស្រង់ពីកាំម៉េរ៉ាសុវត្ថិភាពដែលថតជាប់ព្រឹត្តការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត Jeep ស្លាកលេខ 2CB-9963 ជាមួយនឹងអ្នកបើកបរម៉ូតូ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កែងសាលាផារ៉ាហ្គនទួលគោក ទល់មុខភោជនីយដ្ឋានឌីមសាំ ផ្លូវលេខ៥៦៦ កែងនឹងផ្លូវលេខ៣១៧ កាលពីវេលាម៉ោង ១០:០០ នាទីយប់ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញថា អ្នកបើកបរថយន្ត Jeep មានការគោរពច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនធម្មតា មិនមានករណីវ៉ាជែង ឬ ប្រណាំងរថយន្តដូចជាការចុះផ្សាយ ឬ អត្ថាធិប្បាយលើបណ្ដា facebook page មួយចំនួននោះទេ។
ជាការលើកឡើង ដូចមានរូបភាពក្នុងកាំម៉េរ៉ាសុវត្ថិភាពឃើញ គឺអ្នកបើកបររថយន្ត Jeep ជិះ ពីទិសខាងជើង ទៅទិសខាងត្បូង ក្នុងល្បឿនធម្មតាលុះមកដល់ផ្លូវ ប្រសព្វខាងលើ រថយន្តបានបន្ថយល្បឿន ហើយវៃភ្លើងសញ្ញាឆ្លាស់គ្នាហ្វាកូដប្រហែលជា ២៣ម៉ែត្រមុន បន្តរហូតដល់ផ្លូវប្រសព្វ ដើម្បីបញ្ជាក់ឱ្យអ្នកដំណើរនៅផ្លូវប្រសព្វបានជាដឹង លុះពេលមកដល់ជិតហួសទ្រូងផ្លូវប្រសព្វ ស្រាប់តែម៉ូតូបើកបរក្នុងល្បឿនយ៉ាងលឿន បើកដោយមិនគោរពសិទ្ធិផ្លូវអាទិភាពរបស់រថយន្ត បណ្តាលឱ្យបុកផ្នែកខាងស្តាំដៃចំហៀងចុងកង់រថយន្តខាងឆ្វេង ធ្វើឱ្យអ្នកបើកបរម៉ូតូ ផ្លោងចេញពីផ្នែកខាងឆ្វេងនៃរថយន្តទៅផ្នែកខាងស្តាំធ្លាក់បោកក្បាលលើចិញ្ចើមផ្លូវស្លា-ប់បា-ត់បង់ជីវិ-តនៅនឹងកន្លែងកើតហេតុ។ នេះបើយោងតាមសក្សី និងយោងតាមកំណត់ហេតុរបស់ប៉ូលីសចរាចរណ៍ដែលបានចុះទៅវាស់វែងនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុអ្នកបើករថយន្ត Jeep មិនបានរត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវនោះឡើយ។ មូលហេតុដែលគាត់គេចចេញពីកន្លែងកើតហេតុ គឺដោយសារតែ ប្រជាពលរដ្ឋនៅជុំវិញនោះដែលឃើញហេតុការណ៍ពិតថាម៉ូតូជាអ្នកបើកលឿនខុសច្បាប់ចរាចរណ៍ បានណែនាំឱ្យគាត់ចេញពីកន្លែងកើតហេតុសិន ជៀសវាងប្រឈមនឹងការយល់ច្រលំពីមហាជន ធ្វើកាកាត់សេចក្តីក្រៅច្បាប់ដែលអាចនឹង បង្កឡើងដោយមានការយល់ច្រឡំបន្ថែមទៀត ទើបអ្នកបើករថយន្ត បានចាកចេញពីកន្លែងកើតហេតុជាបណ្តោះអាសន្ន។
តាមសាច់ញាត្តិអ្នកបើកបររថយន្ត បាននិយាយប្រាប់អង្គភាពសារព័ត៌មានយើងថា ម្ចាស់រថយន្ត Jeep បានចូលខ្លួនដោះស្រាយចាប់តាំងពី ពេលកើតហេតុភ្លាមៗ និងជាបន្តបន្ទាប់ ហើយអ្នកបើករថយន្តក៏បានចូលខ្លួន ដោយស្ម័គ្រចិត្តមកប្រាប់សមត្ថកិច្ចអំពីរឿងហេតុពិត និងស្នើសុំឱ្យស្វែងរកយុត្តិធម៌ ក្នុងនោះក្រុមគ្រួសាររបស់ម្ចាស់រថយន្ដ Jeep ក៍បានព្យាយាមជួបភាគីខាងម៉ូតូដើម្បីរកដំណោះស្រាយ ប៉ុន្តែតំណាងភាគីខាងម៉ូតូបានផ្តាំប្រាប់ថាកំពុងជាប់ធ្វើបុណ្យមិនទាន់អាចជួបដោះស្រាយបានទេ។
បើតាមតែដឹងកាលពីថ្ងៃទី១៦ ខែឆ្នូឆ្នាំ២០២៣កន្លងមក ឪពុកម្តាយអ្នកបើករថយន្តបានទៅចូលរួមពិធីបុណ្យសពអ្នកបើកបរម៉ូតូ ដើម្បីជាការគោរព និងចូលរួមរំលែកទុក្ខក្រុមគ្រួសារ ហើយបានចូលបច្ច័យបុណ្យចំនួន ១ពាន់ដុល្លារអាមេរិក ជាការចូលបច្ច័យតាមទំនៀមទំលាប់ប្រពៃណីសាសនា។ ហើយក្រុមគ្រួសារបានទទួលយកបច្ច័យ និងបានឱ្យពរជ័យដល់ ឪពុកម្តាយអ្នកបើករថយន្តក្នុងអត្ថន័យនៃពិធីសាសនា។
បើតាមប្រព័ន្ធបណ្តាញសង្គមមួយចំនួនបានធ្វើការចុះផ្សាយ និងអត្ថាធិប្យាយមានការលើសលួស ហាក់ចោទប្រកាន់ ខាងភាគីរថយន្តបង្ខំឱ្យគ្រួសារសពទទួលយកសំណង់ ១ ពាន់ដុល្លារ និងឱ្យបញ្ចប់រឿង ទៅវិញ ដែលអាចជាហេតុបង្កឱ្យមានការរើសអើង និងមានភាពខឹងសម្បារដល់មហាជន ដោយព្យាយាមចូលទៅយករូបសាច់ញាតិខាងភាគីម្ចាស់រថយន្តដែលមិនមានការពាក់ព័ន្ធអ្វីសោះមកផ្សព្វផ្សាយឱ្យសាធារណៈ ដោយភ្ជាប់នឹងឋានៈតួនាទីបុគ្គល និងថ្នាក់ដឹកនាំមួយចំនួន ក្នុងន័យភ្ជាប់បង្ហាញឱ្យគេឃើញថា ជាក្រុមអ្នកមានអំណាច ធ្វើបាបអ្នកទន់ខ្សោយ ដែលតាមការពិតភាគីម្ចាស់រថយន្ត ពុំដែលបានទៅសុំអន្តរាគមន៍ពីអ្នកណាមួយ ឬពុំមានអំណាច យសស័ក្តិ លុយកាក់អ្វីទៅអន្តរាគមន៍លើរឿងនេះទាល់តែសោះ ដោយពឹងផ្អែកទាំងស្រុងលើច្បាប់និងសមត្ថកិច្ចអនុវត្តច្បាប់ដើម្បីរកយុត្តិធម៌ក្នុងសំណុំរឿងនេះ។
ប្រសិនបើដូចបណ្តាញសង្គមខ្លះលើកឡើងថា ១ ពាន់ដុល្លារ ជាថ្នូរនៃការដកបណ្ដឹង តើគ្រួសារភាគីខាងម៉ូតូ ដែលជាគ្រួសារមួយមានការគិតគូរល្អ មានចំណេះដឹងខ្ពស់ ព្រមទទួលយកនៅពេលនោះដែរឬទេ? ច្បាស់ណាស់ គ្រួសារភាគីខាងម៉ូតូដឹង និងយល់ច្បាស់ថាប្រាក់ចំនួន ១ពាន់ដុល្លារ នេះគឺជាប្រាក់ចូលបច្ច័យបុណ្យ ទើបទទួលយក ពុំមែនជាថ្នូរនឹងការដកពាក្យបណ្ដឹងឡើយនោះទេ។
អ ង្គភាពសារព័ត៌មានយើងខ្ញុំ បានដកស្រង់មកធ្វើការចុះផ្សាយនេះ គឺគ្រាន់តែដើម្បីឱ្យមហាជន ស្វែងយល់ និងកុំមានការភាន់ច្រឡំ និងកាត់បន្ថយភាពចលាចលក្នុងសង្គមតាមរយៈបណ្ដាញសង្គម តែប៉ុណ្ណោះ និងទុកពេលជូនសមត្ថកិច្ច និងមន្រ្ដីយុត្ដិធម៌អនុវត្ដតាមនីតិវិធីច្បាប់ ដើម្បីឱ្យទទួលបានយុត្ដិធម៌សម្រាប់ក្រុមគ្រួសារទាំងសងខាង។