ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកណ្តាល ដែលពិធីនេះមានការអញ្ជើញចូលរួម លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទាំង៥ និងមន្ត្រីរាជការជាច្រើននាក់។
មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកណ្ដាល ដែលបានសហការសាមគ្គីគ្នាបានយ៉ាងល្អ និងយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានជូនទៅដល់សាធារណជនឱ្យទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ។
លោក ចាប់ វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានឱ្យដឹងថា៖ ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ មន្ទីរព័ត៌មានបានផលិត ព័ត៌មានសរុបបានចំនួន ៣,៦២២ អត្ថបទនិងរូបភាព ក្នុងនោះសកម្មភាពរដ្ឋបាល ឯកភាពខេត្ត ១,១៤៨ និងធ្វើការផ្សព្វផ្សាយតាមទូរទស្សន៍ជាតិ ឯកជន គេហទំព័រ, ផេកផ្លូវការ,បញ្ជរព័ត៌មាន,បណ្តាញសង្គមនិងអង្គភាពសារព័ត៌មាននានាសរុបបានចំនួន ១៨,៤៥៤ លើក ។ បានចេញលិខិតអនុញ្ញាតថ្មី និងបន្តសុពលភាពធ្វើអាជីវកម្ម សេវាកម្ម តាមយន្តការអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត បានសរុបចំនួន ៥៥៩ច្បាប់ ក្នុងនោះមាន គេហទំព័រ៥៦ច្បាប់, ប៉ាណូ៣២៥ច្បាប់ ,កាសែត ៦ច្បាប់ ,អាហ្វីស ២១២ច្បាប់ និងប្រមូលចំណូលថវិកាគុណប្រយោជន៍ខេត្ត សរុបទឹកប្រាក់បានចំនួន ៤៣៧,១៨០,០០០រៀល ។ ប្រព័ន្ធផ្សព្វផ្សាយឯកជន មានអង្គភាពសារព័ត៌មានដែលបានធ្វើការចុះបញ្ជី និងមានស្នាក់ការក្នុងខេត្តកណ្តាលចំនួន ១៣៥អង្គភាព ក្នុងនោះ កាសែតចំនួន ៤៣អង្គភាព , គេហទំព័រចំនួន ៩១អង្គភាព , ទស្សនាវដ្តីចំនួន ១ និងមានភ្នាក់ងារយកព័ត៌មានប្រចាំខេត្តរបស់ស្ថានីយ៍ទូរទស្សន៍ឯកជន និងអង្គភាពសារព័ត៌មាននានាចំនួន ១៦ អង្គភាព។ មានស្ថានីយ៍វិទ្យុជាតិ និងឯកជន សរុបចំនួន ២ ព្រមទាំងមានទូរទស្សន៍ខ្សែកាប ចំនួន ១ស្ថានីយ៍ ។